ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនចៅស្រីជាឃាតកដៃឆៅ កាប់សម្លាប់ជីដូនខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម ដែលកំពុងបោសសំរាមនៅមុខផ្ទះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ឃាតកម្មគិតទុកជាមុន” ដែលប្រព្រឹត្តនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះត្រូវកំណត់ផ្តន្ទាទោសអស់មួយជីវិត ។
ជនជាប់ចោទមានឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (សសៃប្រសាទ) មានទីលំនៅ (មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
គួររំលឹកដែរថា៖គួរឲ្យខ្លោចចិត្តណាស់ ចៅចិត្តអប្រិយ៍យង់ខ្នងដោយសារមានជំងឺសរសៃប្រសាទលើកដៃកាប់ជីដូនខ្លួនឯងដែលកំពុងបោសសំរាមនៅខាងមុខផ្ទះស្លាប់យ៉ាងអាណោចអាធ័ម។
សាក្សីបានបានឲ្យដឹងថា ៖នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិត ពីថង់ខ្មៅនៅនឹងដៃ ដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង លុះដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់បាននៅខេត្តស្វាយរៀង ៕ ឆ ដា