ខេត្តត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយស្រុកអូររាំឪ និងសហការីរួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ក៏ដូចជាចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនានាជូនប្រជាពលរដ្ឋ នៅភូមិកំពូលសេរី និងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៩នេះ។ សកម្មភាពនេះ ត្រូវបានក្រុមការងារចុះជួយស្រុកអូររាំងឪយកចិត្តទុកដាក់ខ្ពស់ និងបានឆ្លើយតបភ្លាមៗទៅនឹងស្ថានភាព នៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក៏ដូចជាការអំពាវនាវរបស់ប្រជាពលរដ្ឋ។
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូករបស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។
ការអំពាវនាវដ៏ទទូចនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបផ្ទាល់ជាមួយក្រុមការងារចុះជួយស្រុកអូររាំងឪដឹកនាំដោយលោក អ៊ាង សុផល្លែត ខណៈដែលលោកបានដឹកនាំសហការី នៃក្រុមការងារចុះជួបផ្ទាល់ជាមួយប្រជាកសិករចិញ្ចឹមជ្រូកក្នុងឃុំមៀន ក្រោយពីទទួលបានព័ត៌មានស្តីពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅ ភូមិកំពូលសេរី និងភូមិសោយ ក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ដេីម្បីពិនិត្យស្ថានភាពជាក់ស្ថែង និងចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ក្រោយពីបានចុះពិនិត្យដោយផ្ទាល់នៅតំបន់ដែលផ្ទុះជំងឺប៉េស្ត និងស្តាប់របាយការណ៍របស់មន្ត្រីពាក់ព័ន្ធ លោក អ៊ាង សុផល្លែត ធ្វើវេទិកាសាធារណៈជាមួយ ប្រជាកសិករចិញ្ចឹមសត្វ អាជីវករលក់ដូរសត្វ និងម្ចាស់សត្តឃាតដ្ឋាន ដែលមានចំនួនសរុបប្រមាណ១០០នាក់ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ បងប្អូនប្រជាពលរដ្ឋ។
លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។
ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។
លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។ លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។
ឆ្លើយតបចំពោះកង្វល់របស់អាជីវករចិញ្ចឹមជ្រូក លោកបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរក្នុងការចាត់វិធានបសុពេទ្យក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានាតាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជម្ងឺនេះ។ លោកបានគូសបញ្ជាក់ថា សូមឲ្យបងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាដើម្បីប្រយោជន៍រួម និងសូមគិតសមូហភាពជាកត្តាចំបង ៕ សុខខេមរា