ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសពន្លះក្បាលព្រួញ ចែកទ្រូវផ្លូវ ក្រឡាប់ផ្ងារជើងច្រងាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តឡិចស៊ីសមួយគ្រឿង បោះពួយទៅបុកក្បាលព្រួញចែកទ្រូវផ្លូវបណ្តាលឲ្យខ្ទាតមួយកង់មកកណ្តាលផ្លូវ និងទ្រេតបង្គោលភ្លើងស្តុបមួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ តែអ្នកបើកបរមិនមានរងរបួសនោះទេ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខសាលារៀនជម្ពូវន្ត័ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ​៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-400h ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-0144 ធ្វើដំណើរទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបាន រេចង្កូចទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញចែកទ្រូវផ្លូវពេញទំហឹងបណ្តាលក្បាលព្រួញចែកទ្រូវផ្លូវរុញផ្ទប់ទៅ និងបង្គោលភ្លើងស្តុបទ្រេតមួយដើម ចំណែកក្បាលព្រួញមួយកង់ខ្ទេតចេញទៅកណ្តាលផ្លូវ រីឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ រីឯម្ចាស់រថយន្តមិនមានរងរបួសនោះទេរួចបានឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖