ខេត្តសៀមរាប៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៩ បានចេញសេចក្តីប្រកាស ដោយទាត់ចោលនូវការចោទប្រកាន់របស់បណ្ដាញសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឈ្មោះ ស៊ីណា ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជាម្ចាស់ឈើ ដែលលាក់ទុកនៅក្នុងសណ្ឋាគារអង្គរអេរ៉ា ក្នុងខេត្តសៀមរាប ដែលត្រូវសមត្ថកិច្ចចម្រុះចុះបង្ក្រាបរឹបអូសឈើនោះ មានចំនួន២៥០ម៉ែត្រគូប ។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ពុំមានឈ្មោះ ស៊ីណា នេះជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយទេ ហើយថា ស្នើសុំឲ្យបណ្ដាញសារព័ត៌មានកែតម្រូវខ្លឹមសារដែលចុះផ្សាយក្នុងអត្ថបទរបស់ខ្លួនឡើងវិញ ។
ក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា បណ្ដាញសារព័ត៌មាន បានចុះផ្សាយថាលទ្ធផលដែលរកឃើញ ក្នុងសណ្ឋាគារអង្គរអេរ៉ា ដែលល្បីខាងជួញដូរឈើប្រណីត គឺម្ចាស់សណ្ឋាគារអង្គរអេរ៉ា និងម្ចាស់ឈើនោះ មានឈ្មោះលី ស៊ីណា ភេទប្រុស អាយុប្រហែល ៥០ ឆ្នាំ និងជាមន្ត្រីក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយខេត្ត និងជាមន្ត្រីថ្នាក់ធំ ក្នុងជួរអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្តសៀមរាបម្នាក់ ហើយក៏ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ ៥ ផងដែរ ។
សូមបញ្ជាក់ថា សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានហ៊ុមព័ទ្ធ និងចុះពិនិត្យឃ្លាំងស្តុកឈើដ៏ធំមួយកន្លែងនៅក្នុងបរិវេណសណ្ឋាគារអង្គរអេរ៉ា កាលពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានលាក់ទុកឈើខុសច្បាប់រាប់រយម៉ែត្រគូបនៅទីនោះ ដែលមានទីតាំងស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ ម្ចាស់ទីតាំងឃ្លាំងឈើនោះ គឺលោកស្រី គី ស៊ុនឡេង ហើយអ្នកទទួលខុសត្រូវយាមឃ្លាំងនោះ ឈ្មោះ ស៊ុន សម្បត្តិ ។ កិច្ចប្រតិបត្តិការនេះ ដឹកនាំសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។
អ្នកយកព័ត៌មានមកពីជាច្រើនស្ថាប័ន រង់ចាំសមត្ថកិច្ចផ្តល់ប្រភពព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រតិបត្តិការនោះ រហូតដល់ព្រលប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តសៀមរាបតំណាងឲ្យក្រុមសមត្ថកិច្ចនៃប្រតិបត្តិការណ៍នោះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបនៃការចង់ដឹងរបស់អ្នកយកព័ត៌មាន លោក បញ្ជាក់ថា ៖ ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់អភិបាលខេត្ត លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាបឲ្យចុះប្រតិបត្តិការពិនិត្យ រកឃើញឃ្លាំងស្តុកឈើនៅគោលដៅសង្ស័យនោះប្រាកដមែន នៅវេលាល្ងាចថ្ងៃទី០២ និង ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមត្ថកិច្ចបានបន្តនីតិវិធីបើកប្រតិបត្តិការឆែកឆេរ ដោយក្រុមជំនាញចាប់ផ្តើមវាស់វែងកំណត់បរិមាណឈើទាំងនោះ និងពិនិត្យឯកសារនានាដែលពាក់ព័ន្ធនានា ។
លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ប្រតិបត្តិការណ៍នោះបានពិនិត្យរកឃើញ ឯកសារអនុញ្ញាតច្បាប់ដឹកជញ្ជូនឈើអារចំនួន១២ច្បាប់ និង ឯកសារដឹកជញ្ជូនឈើមូលចំនួន១៨ច្បាប់ ស្មើនឹងទំហំនៃការអនុញ្ញាតដឹកជញ្ជូនឈើចំនួន ២៧៤ ម៉ែត្រគូប ។ តែការវាស់វែងជាក់ស្ដែង បានរកឃើញថា ក្នុងឃ្លាំងស្តុកឈើរក្សាទុក ៥២៦ ម៉ែត្រគូប បញ្ជាក់ថាលទ្ធផលត្រួតពិនិត្យ នៅក្នុងឃ្លាំងស្តុកឈើនោះ មានរក្សាទុកឈើខុសច្បាប់ចំនួន ២៥២ ម៉ែត្រគូប ដែលត្រូវសមត្ថកិច្ចរឹបអូសយកមករក្សាទុក ។
លោកក៏បានបញ្ជាក់បន្ថែមឲ្យដឹងដែរថា ៖ យោងតាមច្បាប់ព្រៃឈើ សមត្ថកិច្ចត្រូវបានដាក់ពិន័យ ឲ្យម្ចាស់ទីតាំងឃ្លាំងឈើនោះបំពេញកាតព្វកិច្ចបង់ប្រាក់ពិន័យ មួយទ្វេជាបី នៃតម្លៃឈើដែលខុសច្បាប់នោះ បើម្ចាស់ទីតាំងមិនព្រមអនុវត្តតាមការពិន័យទេនោះ សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី ។
លោក ទា គឹមសុទ្ធ បានបញ្ជាក់ថា ជាទូទៅបើសិនជាម្ចាស់ទីតាំងស្តុកឈើណាមួយមានច្បាប់ដឹកជញ្ជូនឈើដើម្បីកែច្នៃនោះទីតាំងនោះ នឹងត្រូវបានអនុញ្ញាតឲ្យមានបំពាក់ឧបករណ៍ គ្រឿងម៉ាស៊ីនកែច្នៃ តាមផ្លូវច្បាប់ ដោយមិនចាត់ទុកថា ជាកន្លែងកែច្នៃឈើខុសច្បាប់នោះឡើយ ។
លោកបន្ដថា ឃ្លាំងស្តុកឈើមួយកន្លែងនេះ បានដំណើរការអស់រយៈពេលជាយូរឆ្នាំមកហើយ ៗម្ចាស់ទីតាំងនេះធ្លាប់បានដឹកជញ្ជូនឈើ យកមកប្រើប្រាស់ក្នុងសំណង់សណ្ឋាគាររបស់ខ្លួន តាំងតែពីលោក មិនទាន់កាន់តំណែងជាប្រធានមន្ទីរកសិកម្ម ម្ល៉េះប្រហែលក្នុងអំឡុងឆ្នាំ២០០៤ ។ ឆ្លងកាត់នៃសកម្មភាពរបស់ខ្លួន ម្ចាស់ទីទាំងនេះ ក៏ធ្លាប់បានសមត្ថកិច្ចអនុវត្តម្តងរួចមកហើយដែរ ក្នុងករណីដូចលើកនេះ ។ តាមការអង្កេតស្រាវជ្រាវកន្លងមក ទីតាំងស្តុកឈើមួយនេះ គឺសម្រាប់ប្រើប្រាស់ កសាងសណ្ឋាគារតែប៉ុណ្ណោះ មិនមែនជាឃ្លាំងឈើសម្រាប់ការធ្វើចរាចរណ៏ លក់ចែកចាយទេ ៕ ប៊ុនរិទ្ធី