ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង ខណៈកំពុងបើកសុខៗ ក៏បែកកង់រេចង្កូតទៅបុកខឿនផ្លូវគល់ស្ពានអាកាស៥មករាផ្លូវចុះទៅក្រោមដី បណ្តាលឲ្យខ្ទេចមុខរងការខូចខាតទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាស៥មករាខាងជើង តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2AF 0512 ធ្វើដំណើរតាមបណ្តោយផ្លូវ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូទៅបុកនឹងខឿនគល់ស្ពាន៥មករា ផ្លូវចុះក្រោមដីពេញទំហឹងបណ្តាលឲ្យរងការខូចខាតដាច់កាឡេទៅមុខលែងរួច សំណាងមិនមានមនុស្សរងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ