មិនមែនមានតែពលរដ្ឋកូរ៉េខាងជើងប៉ុណ្ណោះទេ ដែលភៀសខ្លួនចេញពីប្រទេសទៅរស់នៅកូរ៉េខាងត្បូង នៅពេលនេះ ក៏មានពលរដ្ឋកូរ៉េខាងត្បូងភៀសខ្លួនទៅរស់នៅកូរ៉េខាងជើងដូចគ្នា ។ ក្រុមអ្នកឯកទេស បានលើកឡើងថា នៅពេលដែលកូរ៉េខាងជើង រួចផុតពីទណ្ឌកម្ម អាមេរិកនោះ សេដ្ឋកិច្ចកូរ៉េខាងជើងនឹងមានសក្កានុពលយ៉ាងខ្លាំង ។ នៅពេលនោះ អ្នកមានទ្រព្យសម្បត្តិច្រើននឹងសម្រុកចូលក្នុងទឹកដីកូរ៉េខាងជើងដើម្បីរកស៊ីជាមិនខាន ។
នៅពេលនេះ កូនប្រុស របស់លោក Choe Tok Sin អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ១៩៦០ បានសម្រេចទៅរស់នៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង ។ លោក Choe Tok Sin និងភរិយាលោកស្រី Ryu Mi-yong បានភៀសខ្លួនទៅរស់នៅអាមេរិកក្នុងអំឡុងឆ្នាំ១៩៧៦ ហើយក្រោយមកក៏បានទៅរស់នៅកូរ៉េខាងជើងនាឆ្នាំ១៩៨៦ ទុកឲ្យកូនប្រុសពីរនាក់ និងកូនស្រីម្នាក់រស់នៅកូរ៉េខាងត្បូង ។ នៅទីក្រុងព្យុងយ៉ាងលោកស្រី Ryu Mi-yongគឺជា ប្រធាន គណបក្ស Chondoist Chongu និងជា សមាជិកគណៈកម្មការប្រជាជនកូរ៉េខាងជើង លើកទី១០ ។
លោកស្រី Ryu Mi-yong បានទទួលមរណភាពដោយជំងឺមហារីកក្នុងអាយុ៩៥ឆ្នាំ នាខែវិច្ឆិកា ឆ្នាំ២០១៦ ។ កាលពីថ្ងៃទី៧ ខែកក្កដា គេហទំព័រ Uriminzokkiri របស់កូរ៉េខាងជើង បានផ្សាយថា កូនប្រុសច្បងរបស់លោកស្រី Ryu Mi-yongគឺលោក Choe In Guk បានសម្រេច ទៅរស់នៅទីក្រុងព្យុងយ៉ាង ។ ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង លោក Choe In Guk បានបញ្ជាក់ថា នឹងចំណាយពេលចុងក្រោយបង្អស់ នៃឆាកជីវិត រស់នៅកូរ៉េខាងជើង ដើម្បីតស៊ូឈានដល់ការឯកភាពជាតិ ដូចអ្វីដែលឪពុកម្តាយរបស់លោកបានធ្វើនាពេលកន្លងមក ។
លោក Choe In Guk បានបញ្ជាក់ថា «ខ្ញុំនឹងបន្តសេចក្តីប្រាថ្នារបស់ឪពុកម្តាយខ្ញុំ ។ ដូច្នេះខ្ញុំបានសម្រេច ទៅរស់នៅកូរ៉េខាងជើង បើទោះបីមានភាពយឺតយ៉ាវក្តី» ។ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្យាយាមស្រាវជ្រាវករណី លោក Choe in Guk អាយុ៧៣ឆ្នាំ បានភៀសខ្លួនទៅរស់នៅកូរ៉េខាងជើង ដោយលោកមិនបានផ្តល់ដំណឹងដល់រដ្ឋាភិបាល មុនពេលទៅកាន់កូរ៉េខាងជើងនោះឡើយ៕