ព័ត៌មានទាន់ហេតុការណ៍៖

លើកទីមួយពលរដ្ឋកូរ៉េខាងត្បូងភៀសខ្លួនទៅរស់នៅកូរ៉េខាងជើង

ចែករំលែក៖

មិនមែនមានតែពលរដ្ឋកូរ៉េខាងជើងប៉ុណ្ណោះទេ ដែលភៀសខ្លួនចេញពីប្រទេសទៅរស់នៅកូរ៉េខាងត្បូង​ នៅពេលនេះ ក៏មានពលរដ្ឋកូរ៉េខាងត្បូង​ភៀសខ្លួនទៅរស់នៅកូរ៉េខាងជើងដូចគ្នា​ ។ ក្រុមអ្នកឯកទេស បានលើកឡើងថា នៅពេលដែលកូរ៉េខាងជើង រួចផុតពីទណ្ឌកម្ម អាមេរិកនោះ សេដ្ឋកិច្ចកូរ៉េខាងជើងនឹងមានសក្កានុពលយ៉ាងខ្លាំង ។ នៅពេលនោះ អ្នកមានទ្រព្យសម្បត្តិច្រើននឹងសម្រុកចូលក្នុងទឹកដីកូរ៉េខាងជើងដើម្បីរកស៊ីជាមិនខាន ។

នៅពេលនេះ កូនប្រុស របស់លោក​ Choe Tok Sin អតីត​រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ក្នុងអំឡុងឆ្នាំ​១៩៦០ ​​បានសម្រេចទៅរស់នៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង ។ លោក​​ Choe Tok Sin និងភរិយាលោក​ស្រី​ Ryu Mi-yong បានភៀសខ្លួនទៅរស់នៅអាមេរិកក្នុងអំឡុងឆ្នាំ​១៩៧៦ ហើយក្រោយមកក៏បានទៅរស់នៅកូរ៉េខាងជើងនាឆ្នាំ​១៩៨៦ ទុកឲ្យកូនប្រុសពីរនាក់ និងកូនស្រីម្នាក់រស់នៅកូរ៉េខាងត្បូង​ ។ ​​នៅទីក្រុងព្យុងយ៉ាង​លោកស្រី Ryu Mi-yongគឺជា ប្រធាន គណបក្ស​ Chondoist Chongu ​ និងជា សមាជិកគណៈកម្មការ​ប្រជាជនកូរ៉េខាងជើង លើកទី​១០ ។

លោកស្រី Ryu Mi-yong បានទទួលមរណភាពដោយជំងឺមហារី​កក្នុងអាយុ​៩៥ឆ្នាំ​ នាខែវិច្ឆិកា ឆ្នាំ​២០១៦ ។ កាលពីថ្ងៃទី​៧ ខែកក្កដា គេហទំព័រ Uriminzokkiri ​របស់កូរ៉េខាងជើង បានផ្សាយថា ​កូនប្រុស​​ច្បងរបស់លោកស្រី Ryu Mi-yongគឺលោក​ Choe In Guk ​បានសម្រេច ទៅរស់នៅទីក្រុងព្យុងយ៉ាង​ ។ ពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងព្យុងយ៉ាង លោក​ Choe In Guk ​បានបញ្ជាក់ថា នឹងចំណាយពេលចុងក្រោយបង្អស់ នៃឆាកជីវិត រស់នៅកូរ៉េខាងជើង​ ដើម្បីតស៊ូ​ឈានដល់ការឯកភាពជាតិ​ ដូចអ្វីដែលឪពុកម្តាយរបស់លោកបានធ្វើនាពេលកន្លងមក​ ។

លោក​ Choe In Guk ​បានបញ្ជាក់ថា «ខ្ញុំនឹងបន្តសេចក្តីប្រាថ្នារបស់ឪពុកម្តាយខ្ញុំ​ ។ ដូច្នេះខ្ញុំបានសម្រេច ទៅរស់នៅកូរ៉េខាងជើង បើទោះបីមានភាពយឺតយ៉ាវក្តី» ។ ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្យាយាម​ស្រាវជ្រាវករណី​ លោក​ Choe in Guk អាយុ​៧៣ឆ្នាំ បានភៀសខ្លួនទៅរស់នៅកូរ៉េខាងជើង ដោយលោកមិនបានផ្តល់ដំណឹងដល់រដ្ឋាភិបាល មុនពេលទៅកាន់កូរ៉េខាងជើងនោះឡើយ​៕


ចែករំលែក៖