ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹងនៅថ្ងៃទី៨ ខែកក្កដានេះថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានចាប់ផ្តើមផ្ទុះនៅភូមិឫស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានសត្វជ្រូកជាង១០០ក្បាល បានឆ្លងជំងឺមួយនេះ ។
លោកក៏បានបញ្ជាឲ្យ មន្ត្រីជំនាញ និងមន្ទីរដែលពាក់ព័ន្ធត្រូវចុះទប់ស្កាត់ កុំឲ្យឆ្លងរាលដាលដល់ភូមិឃុំផ្សេងទៀត ។
ពាក់ព័ន្ធទៅការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោនេះ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពិតជាមានករណីឆ្លងជំងឺប៉េស្តអាហ្វ្រិកពិតមែន នៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ប៉ុន្តែកាលពីអាទិត្យមុន ក្រុមពេទ្យសត្វបានមកបាញ់ថ្នាំហើយ បានយកឈាមទៅពិនិត្យនៅភ្នំពេញ ក្នុងនោះពេទ្យសត្វមិនទាន់ឲ្យផ្សព្វផ្សាយនោះទេ ។
លោកមេឃុំបានបន្តថា សព្វថ្ងៃនេះ មានសត្វជ្រូកជាច្រើន បានងាប់ជាបន្តបន្ទាប់ហើយ រូបលោក និងមន្ត្រីជំនាញបានដុតចោលអស់ពីរក្បាលហើយ កាលពីប៉ុន្មានថ្ងៃមុន ។
លោក ប៉ែន ចន្ធី ប្រធានការិយាផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង បានឲ្យដឹងថា លោក និងលោក សុខ រស់ អភិបាលរងខេត្ត កំពុងចុះពិនិត្យនៅកន្លែងដែលផ្ទុះជំងឺនេះហើយ ។
ដោយឡែក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់ជម្រាបជូនលោកអភិបាលខេត្តស្វាយរៀង ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ។
ក្នុងលិខិតលោករដ្ឋមន្ត្រី វេង សាខុន បានស្នើដល់អភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការបសុព្យាបាល របស់សមន្ត្រីជំនាញក្នុងការពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចេញពីតំបន់ផ្ទុះជំងឺឆ្លង ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះធ្វើឲ្យជ្រូកងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក ៕ យឹម សុថាន