ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ។
ហេតុការណ៍ ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង០៥នាទី ព្រឹក ថ្ងៃអាទិត្យ ៨កើត ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិកំពង់ក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកម្លាំងចំរុះចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងសាវជ្រាវបង្ហើបថា សាកសពមិនទាន់កំណត់អត្តសញ្ញាណ និងអាចសន្និដ្ឋានបាននៅឡើយទេ ព្រោះសាកសពមានសភាពហើមរលួយស្អុយខ្លាំង ភិនភាគសាកសព៖ សំលៀកបំពាក់ អាវយឺតដៃខ្លី ពណ៌ប្រផេះ ខោគគីជើងវែង ពណ៌ប្រផេះ ហើយលើខ្លួនប្រាណ សាកសពពុំមានឯកសារអ្វីទាំងអស់ សាកសពសម្បុរខ្មៅ អាយុ ៤០ឆ្នាំឡើង ការស្លាប់លើសពី៧០ម៉ោង ។
ប្រភពព័ត៌មានដដែលបន្តទៀតថា យោងតាមរបាយការណ៍ និងស្ថានភាពជាក់ស្ដែង សាកសពជនរងគ្រោះសមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធ សម្រេចបូជានៅនឹងកន្លែង រង់ចាំបន្តនីតិវិធី បន្ទាប់សាវជ្រាវ ៕ បុឹម ពិន