លោក Hossein Salami មេបញ្ជាការ កម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសថា បើទោះបី អ៊ីរ៉ង់បានបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ប៉ុន្តែពិភពលោក បានដឹងយ៉ាងច្បាស់ថា អ៊ីរ៉ង់គ្មានបំណងផលិតបរមាណូនោះឡើយ ។
លោក Hossein Salamiបានបន្តទៀតថា «អាមេរិកបរមាណូគ្មានកន្លែងឈរសម្រាប់អ៊ីស្លាមនោះឡើយ ហើយអ៊ីស្លាម មិនគាំទ្រអាវុធប្រល័យលោកទាំងនោះឡើយ»។ លោកបន្តទៀតថា «ហេតុអ្វីបានជាគេដាក់ទណ្ឌកម្មយើង ក្នុងពេលដែលពិភពលោកទាំងមូលបានដឹងយ៉ាងច្បាស់ថា យើងមិនបានផលិតអាវុធបរមាណូនោះ ។ ការពិត ពួកគេដាក់ទណ្ឌកម្ម យើងដោយសារតែយើងមានចំណេះដឹងពីអាវុធបរមាណូ» ។
ប៉ុន្តែសកម្មភាពរបស់អាមេរិក កំពុងតែបង្ខំឲ្យអ៊ីរ៉ង់ បង្ខំចិត្តត្រូវតែបង្កើនសមត្ថភាពការពារខ្លួន គេចផុតពីការវាយប្រហាររបស់សត្រូវ ។ រដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ជាក់ថា លោកត្រាំ ត្រូវគេញុះញង់ឲ្យធ្វើនៅរឿងរ៉ាវ ដែលលោកមិនចង់ធ្វើ។
ប៉ុន្តែអ៊ីរ៉ងបាន ប្រកាន់គោលជំហរមិនទន់ខ្យោយចំពោះអាមេរិក ព្រមានលុបកិច្ចព្រមព្រៀងបរមាណូឆ្នាំ២០១៥ ។ បើទោះបីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ជាមួយអ៊ីរ៉ង់ក្តី តែអ៊ីរ៉ង និងប្រទេស៥ទៀតនៅអឺរ៉ុប បន្តរក្សាកិច្ចព្រមព្រៀងនោះដដែល ។ ប៉ុន្តែនៅពេលនេះ អ៊ីរ៉ង់បានព្រមានថា ប្រសិនបើប្រទេសអឺរ៉ុបមិនអាចរារាំងអាមេរិក បាននោះទេ អ៊ីរ៉ង់ នឹងលុបកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ នោះដែរ។
នៅពេលនេះ អ៊ីរ៉ង់ទុកពេលឲ្យ៦០ថ្ងៃដើម្បីពិភាក្សា បើមិនបានសម្រេចនោះទេ អ៊ីរ៉ង់នឹងលុបកិច្ចព្រមព្រៀងហើយបន្តចម្រើនសារធាតុបរមាណូ លើសពីកម្រិតដែលបានអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងនោះ។ នៅពេលនេះដែរអ៊ីរ៉ង់កំពុងតែបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមលើសពី៣០ភាគរយហើយ។
ដើម្បីផលិតបានគ្រាប់បែកបរមាណូអ៊ីរ៉ង់ចាំបាច់ត្រូវតែចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម២០ភាគរយ ។បច្ចុប្បន្នអ៊ីរ៉ង់ចម្រើនបាន៣,៧ភាគរយហើយ។ នៅពេលខាងមុខ ប្រសិនបើមិនមានការប្រែប្រួលនោះទេ អ៊ីរ៉ង់ និងបង្កើនការចម្រើនទៀត ហើយថែមទាំងដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ ដោយកិច្ចព្រមព្រៀងនោះមិនអាចការពារ អ៊ីរ៉ង់រួចផុតពីទណ្ឌកម្មរបស់អាមេរិក។
ប្រទេសមហាអំណាចនៅតំបន់អឺរ៉ុប ដែលជាប្រទេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ រួមមាន អាល្លឺម៉ង់ អង់គ្លេស និងបារាំង បានថ្កោលទោសសកម្មភាព របស់អ៊ីរ៉ង់ ។នៅពេលនេះដែរ ឧបការីតំណាងរដ្ឋាភិបាលបារាំងបានធ្វើដំណើរទៅកាន់ទីក្រុងតេអ៊ីរ៉ង់ ដើម្បីពិភាក្សា លើបញ្ហាខាងលើ បញ្ចៀសហេតុការអាក្រក់កាន់តែខ្លាំង ។
នៅពេលនេះអាមេរិក កំពុងតែធ្វើឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងឡើយៗ ដោយកន្លងមកថ្មីៗ រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានជាថ្មីថា ពិភពលោកនឹងជួបមហន្តរាយធ្ងន់ធ្ងរ បើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយការបង្កើនការ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៉ីរ៉ង់កាន់តែឯកា ក៏ដូចជាត្រូវប្រឈមមុខនឹង ទណ្ឌកម្មតែប៉ុណ្ណោះ។
ការព្រមានខាងលើរបស់លោក ប៉ុមប៉េអូ កើតមានឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ បានប្រកាស បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឱ្យលើសកម្រិតដែលត្រូវបានកំណត់ ដោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានលើកឡើងដូច្នេះថា៖ «ការសម្រេចចិត្តចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ នឹងធ្វើឱ្យអ៉ីរ៉ង់កាន់តែឯកា ហើយត្រូវជាប់ទណ្ឌកម្មតែប៉ុណ្ណោះ …ចំណែកឯ ប្រជាជាតិដទៃគួរតែសា្ដរឡើងវិញនូវស្ដង់ដារមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីព្រោះបើសិនជារបបដឹកនាំអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នោះ ពិភពលោកទាំងមូលនឹងជួបមហន្តរាយដ៏ធំ»។
គួរបញ្ជាក់ថា អ៉ីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ បានប្រកាសចាប់ផ្ដើមបង្កើនការចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូមឱ្យលើសពី៣.៦ភាគរយក្នុងរយៈពេលខ្លី ដែលជាកម្រិតមួយត្រូវ បានដាក់កំហិតនៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។
លើសពីលើនេះទៅទៀត ទីក្រុងតេហេរ៉ង់ ក៏នឹងកាត់បន្ថយ ឬក៏លុបចោលការប្ដេជ្ញាចិត្តរបស់ ខ្លួននៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់៦០ថ្ងៃម្ដងផងដែរ។
ការប្រឈមមុខតានតឹងនៅតំបន់ឈូងសមុទ្រ នឹងធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងខ្ពស់ ។លោក Phil Flynn អ្នកឯកទេស វិភាគទីផ្សាមកពីក្រុមហ៊ុន Price Futeres Group បានបញ្ជាក់ថា ការប្រឈមមុខតានតឹងនយោបាយ ជាមួយអ៊ីរ៉ង់ បានកើនឡើងពីមួយថ្ងៃ ដែលជាហេតុធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់ ក្នុងពេលខាងមុខ ។
តម្លៃប្រេងនៅទីផ្សាចរាចរណ៍កាលពីថ្ងៃទី៨ខែកក្កដា គឺកើនឡើងថ្ងៃទី៣ជាប់គ្នា ។ កតាដែលធ្វើឲ្យតម្លៃកើនឡើង ដោយសារតែ អង់គ្លេសបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ ហើយអាចធ្វើឲ្យរាំងស្ទះប្រភពផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈិមបូព៌ា ។
លោក Phil Flynn បន្តទៀតថាវិវាទនយោបាយភូមិសាស្ត្រកាន់តែអាក្រក់ទៅៗ ហើយការនាំប្រេងចេញទៅផ្គត់ផ្គង់នៅលើទីផ្សាធ្លាក់ចុះខ្លាំង ជាហេតុធ្វើឲ្យតម្លៃប្រេងកើនឡើងដោយស្វ័យប្រវត្តិ។
នៅពេលនេះដែរ អ៊ីរ៉ង់បានប្រកាសថា នឹងបន្តចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម លើសពីកម្រិត អនុញ្ញាត ។ទន្ទឹមនឹងនោះអ៊ីរ៉ង់ក៏មានព្រមាន វាយបកទៅលើប្រទេសអង់គ្លេសដែលចាប់នាវាដឹកប្រេង របស់អ៊ីរ៉ង់។ ជាមួយគ្នានោះដែរ អ៊ីរ៉ង់បានព្រមានចាប់នាវាអង់គ្លេសធ្វើដំណើរនៅតំបន់ឈូងសមុទ្រ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ៕