ទំនាក់ទំនងរវាងអាមេរិក និងចិនតានតឹងនាពេលកន្លងមក ដោយបញ្ហាពាណិជ្ជកម្ម ប៉ុន្តែភាគីទាំងពីរបានយល់ព្រមពិភាក្សាគ្នាឡើងវិញក្រោយជំនួប កាលពីថ្ងៃទី២៩ ខែមិថុនា នៅប្រទេសជប៉ុន បន្ទាប់ពីកិច្ចប្រជុំ G-20 ។
បញ្ហារសើបបំផុតដែលធ្វើឲ្យទំនាក់ទំនងតានតឹងនោះ គឺកោះតៃវ៉ាន់ ដោយអាមេរិកតែងតែលូកដៃចូលបញ្ហាកោះតៃ វ៉ាន់ បំពានទៅលើច្បាប់ចិនតែមួយ ដែលអាមេរិកបានព្រមព្រៀង ។
នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន អនុម័តលក់ រថក្រោះ Abrams និងមីស៊ីល Stinger ឲ្យទៅកោះតៃវ៉ាន់ ក្នុងពេលដែលប្រឈមភាពតានតឹងជាមួយចិន ។
សារព័ត៌មាន CNNបានផ្សាយថា កាលពីថ្ងៃទី៨ ខែកក្កដា សភាអាមេរិកទទួលបានព័ត៌មានស្តីពីក្រសួងការបរទេសអាមេរិក យល់ព្រមលក់អាវុធឲ្យកោះតៃវ៉ាន់ ក្នុងនោះមាន រថក្រោះ១០៨គ្រឿងប្រភេទ Abrams M1A2T និង សម្ភារពាក់ព័ន្ធ រួមទាំងមីស៊ីល២៥០ដើម ប្រភេទ Stinger ។
ជាមួយគ្នានេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមហើយក្នុងការលក់ អាវុធជាលក្ខណៈទ្រង់ទ្រាយធំ មានតម្លៃជាង ២.២ពាន់លានដុល្លារ ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ។ រថក្រោះទាំងនេះត្រូវបានគេប៉ាន់ប្រមាណមានតម្លៃ ២ពាន់លានដុលា្លរ រីឯមីស៊ីល Stinger មានតម្លៃ ២២៣លានដុល្លារ។
កាលពីខែមីនា ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអះអាងថា អាវុធដែលទីក្រុងតៃប៉ិ បញ្ជាទិញពីសហរដ្ឋអាមេរិក នឹងជួយដល់ដែនកោះមួយនេះបង្កើនសមត្ថភាព ការពារជាតិ ទាំងគោក និងអាកាស ហើយវាក៏បង្ហាញផងដែរពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការពារកោះតៃវ៉ាន់។ ប៉ុន្តែ ក្រសួងការពារជាតិចិនធ្លាប់បានព្រមានថាការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីអាមេរិក និងចិន ខណៈភាគីទំាងពីរកំពុងស្វះស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្ម៕