ក្រោយការរញ្ជួយដីនាពេលកន្លងមក នៅកាលីហ្វ័រនីញ៉ា អាមេរិក ពលរដ្ឋបានប្រទះឃើញស្នាមប្រេះផែនដីទ្រង់ទ្រាយធំ ហើយវែងៗទៀត បង្កក្តីបារម្ភយ៉ាងខ្លាំងពីការស្រុតផែនដី ។
នេះជាការប្រេះផែនដីទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកឡើយ ហើយពលរដ្ឋអាមេរិកជាច្រើនបាននាំគ្នាទៅមើលនៅស្នាមប្រេះទាំងនោះតើវាមានជម្រៅ ជ្រៅប៉ុណ្ណា ។ សារព័ត៌មាន Sputnik នៅថ្ងៃទី៩ ខែកក្កដាបានផ្សាយថា គ្រោះរញ្ជួយដីកម្រិត ជាង៧រ៉ិចទ័រ នាពេលកន្លងមក នៅតំបន់ភាគខាងត្បូង រដ្ឋ កាលីហ្វ័រញ៉ា បង្កឲ្យប្រេះដីធំៗ ធ្វើឲ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង ពីការស្រុតផែនដី ។
ពលរដ្ឋអាមេរិក បាននាំគ្នាទៅត្រួតពិនិត្យទីតាំងប្រេះដីធំ វែងក្នុងតំបន់ដែលរងការរញ្ជួយនាពេលកន្លងមក ។ ស្នាប់ប្រេះគ្រប់ដណ្តប់នៅទូទាំងតំបន់ទីវាលគ្មានមនុស្សរស់នៅ និងផ្លូវ Highway 178 ស្ថិតនៅជាយទីក្រុងត្រូណា (Trona) នៃតំបន់ សាន់ប៊ឺណាឌីណូ (San Bernardino) ជាដើម ។
តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលស្ថិតនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ក៏ត្រូវបានចាត់បញ្ចូលទៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង «Ring of Fire» ផងដែរ ដោយវាមានន័យថា តំបន់ខាងលើនេះជាទីតាំងដែលងាយរងគ្រោះធម្មជាតិអាក្រក់ៗ ដូចជាបន្ទុះភ្នំភ្លើង និងរញ្ជួយដីខ្លាំងជាងគេបំផុត នៅលើភពផែនដី ។
ការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រកាលពីថ្ងៃសុក្រសប្ដាហ៍ ពុំមានមនុស្សរងគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែបើតាមការចេញផ្សាយព័ត៌មានកន្លងមក វាបាន និងកំពុងធ្វើឲ្យប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា កាន់តែច្រើនឡើងៗព្រួយបារម្ភពីអនាគតរបស់ពួកគេ ក្រោយឃើញមានស្នាប់ប្រេះស្រាម ជាច្រើន៕