ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនភាគីទាំងសងខាង មានជនជាតិវៀតណាម២នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ បន្ទាប់ពីបានប្រើហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសធ្ងន់ ស្រាល ខណៈម្ចាស់ផ្ទះជួលក៏រត់ទៅអន្តរាគមន៍ទៅជួយឃាត់បំបែក ស្រាប់តែរងរបួសត្រូវចំ២កាំបិតរងរបួសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ សុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងរំលងអធ្រាត្រ នៅបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យជនជាតិវៀតណាម២នាក់ក្នុងចំណោម៣នាក់ដែលឃាត់ខ្លួនមានឈ្មោះ ឌិន វាំងជុង អាយុ៤១ឆ្នាំជនជាតិវៀតណាម មុខរបរលក់វែនតា មានទីលំនៅភូមិ៤ ឃុំចិន ស្រុកយិនតិន ខេត្តវាំងហាយ ប្រទេសវៀតណាម និងកូនប្រុសឈ្មោះឌិន វាំងថាន់ អាយុ១៩ឆ្នាំ ចំណែកអ្នករត់គេចខ្លួនមានឈ្មោះង្វៀង យ៊ាំងទ័ន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៤ ឃុំចិន ស្រុកយិនតិន ខេត្តវាំងហាយ ប្រទេសវៀតណាម ។
ចំពោះភាគីសង្ស័យម្ខាងទៀតមានចាន់ តាត់ឡាយ (CHAN TATT LAI)ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិម៉ាឡេស៊ី មុខរបររ៉ូលីញ កាន់លិខិតឆ្លងដែនលេខ(A 52239641) មានទីលំនៅ ខេត្ត NEGERI SEMBILAN ប្រទេសម៉ាឡេស៊ី ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ ។
បើតាមម្ចាស់ផ្ទះជួលមានឈ្មោះហេង ថា អាយុ៦០ឆ្នាំ បានឲ្យដឹងថា មុនកើតហេតុ មានជនសង្ស័យជនជាតិវៀតណាម៣នាក់ បានផឹកស៊ីលេងរហូតដល់ស្រវឹងហើយ ខណៈនោះ ស្រាប់តែមានជនជាតិម៉ាឡេស៊ី ដែលជួលបន្ទប់ក្បែរគ្នា ក៏ដើរនិយាយទូរសព្ទ័លឺខ្លាំង ធ្វើឲ្យជនសង្ស័យ៣នាក់ផ្ទុះកំហឹងស្មានតែឌឺដាក់ខ្លួន ក៏ស្ទុះទៅវាយយ៉ាងសន្ធាប់ បណ្ដាលឲ្យជនជាតិម៉ាឡេស៊ីខឹងក៏រត់ចូលក្នុងបន្ទប់ទាញបានកាំបិតកាន់ក្នុងដៃ រួចក្រវាស់ ត្រូវចំរងរបួស២នាក់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល រូបគាត់ក៏រត់មកអន្តរាគមន៍ជួយឃាត់ ក៏ត្រូវរងរបួសចំនួន០២កាំបិត ត្រង់ខ្នង និងក្លៀកខាងស្តាំ តែម្ដង ។
បច្ចុប្បន្នជនសង្ស័យ វៀតណាម២នាក់ និង ម៉ាឡេសុី០១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បណ្តោះនៅអធិកការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿង បញ្ជួនតាមច្បាប់ ៕ យឹម សុថាន