ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករ១៧នាក់ លក់ដូរនៅផ្សារ ហ្គ្រេន ជម្ពូវ័ន លើកគ្នាទៅតវ៉ាដល់សាលា សង្កាត់ចោមចៅ៣

ចែករំលែក៖

ភ្នំពេញ ៖ អាជីវករចំនួន១៧នាក់ ជាតំណាងឲ្យបងប្អូនអាជីវករ ជាង២០០នាក់ លក់ដូរនៅផ្សារឯកជន ហ្គ្រេន ជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នាំគ្នាទៅតវ៉ា និងស្នើសុំឲ្យអាជ្ញាធរ សង្កាត់ជួយ បន្ទាប់ពីពួកគាត់លក់ដូរមិនដាច់ ថ្លៃឈ្នួលតូបថ្លៃ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅសាលា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមបងប្អូនអាជីវករ បានឲ្យដឹងថា ផ្សារឯកជនខាងលើ មានចំនួនជាង២០០តូប បើកដំណើរការជាង៣ខែមកហើយ ដោយគិតតម្លៃឈ្នួល២០០ដុល្លា ក្នុង១តូប តែដោយទើបបើកដំបូង ថៅកែផ្សារ លើកទឹកចិត្ត តម្រូវឲ្យបង់៥០ភាគរយ ក្នុងតម្លៃពេញ២០០ដុល្លា អាជីវករតវ៉ា សល់ត្រឹម៤០ភាគរយ ក្នុងមួយខែ តែក្នុងរយៈពេល៣ខែមកហើយ ការលក់ដូរមិនដាច់សោះ អាជីវករមួយចំនួនសម្រេចបិទ្វារតូបជាបណ្តោះអាសន្ន រកលុយបង់ថ្លៃតូប៤០ភាគមិនទាំងបានផង ទើបនាំគ្នាផ្ទុះតវ៉ា មកហើយកាលពីសប្តាហ៍មុន ទាមទារឲ្យថៅកែបញ្ចុះត្រឹម២០ភាគរយ ស្មើនឹង៤០ដុល្លាក្នុងមួយតូប តែខាងផ្សារមិនព្រម ទើបនៅព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអាជីវករ១៧នាក់ នាំគ្នាទៅ ស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរ សង្កាត់ចោមចៅ៣ ដើម្បីទាមទារ ឲ្យថៅកែផ្សារ ហ្គ្រេន ជម្ពូវ័ន បញ្ចុះតម្លៃឈ្នួល ត្រឹម២០ភាគរយ ។

ការតវ៉ានៅព្រឹកនេះ មិនទាន់បានសម្រេចនៅឡើយទេ បើតាមមន្ត្រី សង្កាត់ បានឲ្យដឹងថា បញ្ហាខាងលើ រង់ចាំហៅ ខាងតំណាងផ្សារ មក សាកសួរ និងសម្រួលសម្រួល ជាក្រោយ ចំពោះលទ្ធផលយ៉ាងណា នៅពេលក្រោយ ទើបបងប្អូនអាជីវករទាំង១៧នាក់ វិលត្រឡប់ទៅផ្ទះវិញ ៕ សុខាសែនជ័យ​


ចែករំលែក៖