ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងអាវុធជាតិផ្ទុះ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត ប្រគល់-ទទួលកាកសំណល់ (សង្រ្គាម) គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជូនមន្រ្តីអង្កការ (ហេឡូត្រាស) ចំនួន ១៥គ្រាប់ ដើម្បីកម្ទេចបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស.សត្វ ។
ពិធីប្រគល់-ទទួលកាកសំណល់សង្រ្គាមខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែតាប៉ាត ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានចំនួន ២ប្រភេទ ប្រភេទ ៨១មីល្លីម៉ែត្រ ចំនួន ១៣គ្រាប់ និងប្រភេទ ៦០មីល្លីម៉ែត្រចំនួន ០២គ្រាប់ សរុបចំនួន ១៥គ្រាប់ ដែលកាកសំណល់(សង្រ្គាម)ទាំងនេះ បន្សល់ទុកតាំងពីសម័លសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។
របាយការណ៍ដដែលបង្ហាញទៀតថា កាកសំណល់សង្រ្គាមគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងចំនួន ០២ប្រភេទ សរុបចំនួន ១៥គ្រាប់ ប្រគល់-ទទួលជូនលោក ស៊ុក សុជា ប្រធានក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់ (អង្កការបោសសំអាតមីនហេឡូត្រាស់) ហើយបានកម្ទេចចោលនៅនឹងកន្លែងដោយជោគជ័យ ដែលកាកសំណល់(សង្រ្គាម)ទាំងនេះ រកឃើញជាបន្តបន្ទាប់ ខណៈកិច្ចសហការ រវាងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋ ៕ បុឹម ពិន