ព័ត៌មានទាន់ហេតុការណ៍៖

ឡំប្រឺតា បើកឆ្លងផ្លូវដែកមិនប្រយ័ត្ន ត្រូវរថភ្លើងបុកក្រឡាប់គៀបជាប់ អ្នកបើកបរស្ទុះលោតចុះរត់បាត់

ចែករំលែក៖

ភ្នំពេញ ៖ ឡំប្រឺតា ១គ្រឿង អ្នកបើកបរមិនបានប្រយ័ត្ន ខណៈដែលបើកឆ្លងផ្លូវដែក ត្រូវបានរថភ្លើងដឹកអ្នកដំណើរបើកបុករួចកល់គៀបជាប់ អ្នកបើកបរម៉ូតូកង់បីភ័យ ស្ទុះលោតចុះរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវដែក ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រជាការពារសង្កាត់គោកឃ្លាង បានឲ្យដឹងថា មុនកើតហេតុ គេឃើញឡំប្រឺតា ពណ៌លឿង ពាក់ស្លាកលេច ភ្នំពេញ 1GS-3933 បានបើកតាមផ្លូវលំ ក្នុងភូមិដីថ្មី ឆ្លងផ្លូវដែក គោលបំណងឆ្លងទៅផ្លូវម្ខាងទៀត ចូលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែអ្នកបើកបរម៉ូតូកង់បី មុនឆ្លងកាត់ផ្លូវដែក មិនបានមើលឆ្វេងស្តាំ ក៏ត្រូវបានរថភ្លើង ខ្សែដឹកអ្នកដំណើរ ចូលព្រលាន ដែលបើកពីកើតទៅលិច បុករុញក្រឡាប់កល់គៀបជាប់ នឹងក្បាលរថភ្លើង អ្នកបើក ឡំប្រឺតាមិនមានរងគ្រោះ ភ័យព្រលឹងចុងសក់ ស្ទុះលោតចុះ រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យដល់ចំណុចខាងលើ សល់តែឡំប្រឺតាម្ចាស់គេចខ្លួន ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌសែនសុខ បន្តស្រាវជ្រាវរកម្ចាស់មកដោះស្រាយ ចំណែកឯរថភ្លើង បន្តបើកដឹកភ្ញៀវឆ្ពោះចូលទៅព្រលានយន្តហោះពោធិ៍ចិនតុង ៕ តុង សីហា


ចែករំលែក៖