ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ លេបត្របាក់យកភោជ្ជនីយដ្ឋានថ្មក្រោមឈើលើទំហំ៨ម៉ែត្រ×១០ម៉ែត្ររបស់ជនជាតិចិនយីហោ ( ទីក្រុងល្ពៅចិន) ស្ថិតនៅតាមបណ្តោយវិថី០៧ មករា ក្នុងភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលមូលដ្ឋានសង្កាត់លេខ០៤បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យខាងលើឈ្មោះ យស់ គឹមហ៊ន ភេទស្រី អតីតជានាយិការសាលាបឋមសិក្សាផ្សារលើ ។ ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ម្ចាស់ផ្ទះដែលមានឈ្មោះខាងលើ បានជួលទៅឲ្យជនជាតិចិន ប្រកបរបររកស៊ីបើកភោជ្ជនីយដ្ឋានបានរយៈពេលជាងមួយឆ្នាំកន្លងមកហើយ ។
លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការង ទទួលបន្ទុកបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ហេតុការអគ្គិភ័យឆាបឆេះខាងលើ បណ្តាលមកពីការប្រើប្រាស់បណ្តាញខ្សែភ្លើងខុសលក្ខណៈ១០ម៉ែត្រ បច្ចេកទេស (ប្រើខ្សែភ្លើងតូចពេក) មិនអាចទប់ទល់ និងទំហំនៃការប្រើប្រាស់បានក៏រលាយខ្សែភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិ បង្កើតបានជាអគ្គិភ័យតែម្តង ។
លោកឧត្តមសេនីយ៍ត្រីបានបន្តឲ្យដឹងទៀតថា ក្នុងពេលកើតហេតុនេះ បានរថយន្តបង្ការ និងពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តបង្ការ និងពន្លត់អគ្គិភ័យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងវិស័យឯកជនជួយអន្តរាគមន៍ ក្នុងការបាញ់ទឹកពន្លត់មិនឲ្យឆេះឆ្លងរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ដោយប្រើប្រាស់ពេលវេលាអស់ប្រមាណជាងមួយម៉ោង និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្តផងដែរ ។
ដោយឡែក ទំហំនៃការខូចខាតឆេះអស់ភោជ្ជនីយដ្ឋានទំហំ៨ម៉ែត្រ×១០ម៉ែត្រ. ថវិកានៅក្នុងទូដែកចំនួន៤០០០០ដុល្លារ និងប៉ាស្ព័រចំនួន៥សន្លឹកផងដែរ ៕ ឆ្លាម សមុទ្រ