ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធ២គ្រាប់ សង្ស័យករណីពាលស៊ីពាល រវាងមន្ត្រីយោធាយុទ្ធភូមិភាគទី៤ និងអ្នកស្ពាយឈើគ្រញូងឆ្លងដែន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ធ្លាយរឿងពលករស្ពាយឈើខុសច្បាប់មួយក្រុម រត់បាតជើងសរព្រាតបន្ទាប់ពីមន្រ្តីយោធាម្នាក់ឈ្មោះ សំ សាំង បម្រើការនៅអង្គភាពយុទ្ធភូមិភាគទី៤ ប្រចាំទិសស្រុកត្រពាំងប្រាសាទ ដែលគេស្គាល់ថា ជាកូនចៅលោកស៊ុំ សាខឿន (ហៅរិទ្ធ) បានបាញ់ចំនួន២គ្រាប់ ខណ:ដែលក្រុមពលករខាងលើ កំពុងស្ពាយឈើ ចុះពីលើភ្នំ នៃព្រំដែនខ្មែរ – ថៃ ស្ថិតនៅចំណុចឈើទាលជ្រុំ ភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ប្រភពពីកម្លាំងសមត្ថកិច្ចឈរជើងនៅទីតាំងខាងលើ បានឲ្យដឹងថា ជនបាញ់បោះសេរីខាងលើគឺធ្វើតាមបញ្ជាឈ្មោះ ស៊ុំ សាខឿន (ហៅរិទ្ធ) ជាមេកោយរបស់ខ្លួនរ ។

ការបាញ់គំរាមនេះ គឺប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នា២០១៩ ដោយសារតែថៅកែ ដែលតែងតែទិញឈើពលករនៅតំបន់នោះ ចរចាតម្លៃមិនត្រូវគ្នាជាមួយនឹងលោក ស៊ុំ សាខឿន(ហៅរិទ្ធ) ជាមេបញ្ជាការដែលឈរជើងនៅតំបន់នោះ ។

ជុំវិញហេតុការណ៍ខាងលើ ក្រុមពលករបានលើកឡើងថា ជាច្រើនលើកច្រើនសារមកហើយ ពួកគាត់ត្រូវបានយោធាយុទ្ធភូមិភាគទី៤ បានធ្វើសកម្មភាពពាលស៊ីពាលមកលើពួកគាត់ ដោយពួកគាត់ តែងតែឡើងលើភ្នំ កុំថាឡើយ ឈើគ្រញូង គល់បេង ឬកាត់ឈើបង្គោលរបង ក៏ត្រូវក្រុមយោធារបស់ឈ្មោះ ស៊ុំ សាខឿន (ហៅ រិទ្ធ) សំឡុតកំហែងជម្រិតទារប្រាក់តាមតែអំពើចិត្តដែរ ដោយពេលខ្លះគេយក១០ម៉ឺនរៀល ២០ម៉ឺនរៀលទៅ១០០ដុល្លារតាមតែការកំណត់របស់ពួកគេ បើទោះជាពួកគាត់យកឈើទាំងនោះមកលក់ខាតក៏ដោយ ក៏ពួកគេត្រូវតែយកប្រាក់តាមពួកគេកំណត់ដែរ ។

ពលករខាងលើបន្តថា ជាក់ស្តែងដូចករណីខាងលើចឹង ពួកគាត់មានគ្នាជិត១០នាក់ បានស្ពាយឈើគ្រញូងជិត១០ដុំ ស្ពាយចុះពីលើភ្នំនៃភូមិសាស្ត្រខាងលើ ដោយបានបង់លុយថ្លៃខ្លួនពួកគាត់ឲ្យកម្លាំងសឹករងកំណត់រួចរាល់ហើយ ទើបស្ពាយឈើចុះមក លុះមកជិតដល់ជើងភ្នំ ក៏ស្រាប់តែកូនចៅឈ្មោះ ស៊ុំ សាខឿន (ហៅរិទ្ធ) បាញ់២គ្រាប់បណ្តាលឲ្យពួកគាត់រត់ចោលឈើនោះគ្រប់គ្នា ។ ពួកគាត់បន្តថា បន្តិចក្រោយមកទើបដឹងថា ថៅកែទិញឈើពួកគាត់ចរចាមិនត្រូវជាមួយលោក រិទ្ធ ។

ជុំវិញករណីខាងលើលោក ស៊ុំ សាខឿន (ហៅរិទ្ធ) បានឲ្យក្រុមការងារដឹងតាមទូរសព្ទកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ថា ចំពោះការងារនេះ លោកប្រគល់ឲ្យលោក គឹម លេង ចាត់ចែងអស់ហើយ ។

ចំណែកលោក គឹម លេង មន្ត្រីយោធាសឹករងប្រចាំទិសស្រុកត្រពាំងប្រាសាទ បានបដិសេធថា រឿងកូនចៅលោក ស៊ុំ សាខឿន (ហៅរិទ្ធ) បាញ់ ម៉េចបានឲ្យខ្ញុំដោះស្រាយ ហើយបញ្ហាឈើ ដែលចាប់នោះ មេសម្រេចឲ្យពលករវិញអស់ហើយ ៕ ប៉ែន នួន


ចែករំលែក៖