ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឲ្យអភិបាលខណ្ឌទាំង១៤បន្ដចុះពិនិត្យឲ្យបានម៉ត់ចត់ មុននឹងអនុញ្ញាតច្បាប់ឲ្យសាងសង់សំណង់ ទោះបីអគារនោះតូច ឬធំ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវបន្ដចុះ ពិនិត្យឲ្យបានម៉ត់ចត់ ទៅលើការដ្ឋានសំណង់ ការចាក់ដីបំពេញ ការបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញ ដោយត្រូវត្រួតពិនិត្យ ពីបញ្ហាបច្ចេកទេស និងការគោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិជាមុន បើទោះបី ជាការដ្ឋានសំណង់នោះមានកម្ពស់២ទៅ៣ជាន់ក៏ដោយ ។

លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំ ជាមួយ ចៅហ្វាយខណ្ឌទាំង១៤ និងមន្ដ្រីមកពីមន្ទីរជំនាញពាក់ព័ន្ធ ក្នុងគោលបំណង អាជ្ញាធរក្រុង ផ្ដល់សិទ្ធិឲ្យគ្រប់គ្រាន់ និងម៉ឺងម៉ាត់ ចំពោះម្ចាស់ ការដ្ឋានសំណង់ និងបញ្ហាមួយទៀតគឺការចាក់ដីបំពេញបឹង ឬប្រឡាយ លូ របស់រដ្ឋ ការដ្ឋានបូមខ្សាច់ គ្មានច្បាប់អនុញ្ញាតិនៅក្នុងរាជធានីភ្នំពេញ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងនូវកិច្ចការមួយចំនួន ជាពិសេស ការធ្វេសប្រហែសរបស់អភិបាលខណ្ឌទាំង១៤កន្លងមកនេះ ដោយហាក់មិនសូវយកចិត្តទុកដាក់ទៅនិងការណែនាំរបស់អភិបាលក្រុងពាក់ព័ន្ធ ការបើកឲ្យមានចរាចរណ៍ ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ ដែលមិនគោរពតាមពេលវេលាដែលបានកំណត់កន្លងមក ពោលគឺការអនុវត្តនោះនូវមានកម្រិតនៅឡើយ ។

លោក ឃួង ស្រេង បានលើកឡើងថា៖ ថ្ងៃនេះយើងតម្រឹមគ្នា កន្លែងខ្លះបើត្រូវធ្វើរបាយការណ៍​ ទៅក្រសួងដែនដី គឺទៅក្រសួងដែនដី ហើយកន្លែងខ្លះត្រូវធ្វើរបាយការណ៏ទៅក្រសួង មហាផ្ទៃ គឺទៅក្រសួងមហាផ្ទៃ។ ការរំលឹករឿងទាំងអស់នេះ ដោយសារកន្លងមកមានការធ្វេសប្រហែសច្រើនចំពោះ អាជ្ញាធរខណ្ឌ ហើយខ្ញុំចង់បញ្ជាក់ក្នុងថ្ងៃនេះថា អ្វីៗទាំងឡាយ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច អាជ្ញាធរជាអ្នកទទួលខុសត្រូវ ។ ​ ករណីជាក់ស្តែង អំពីហេតុការណ៍ ដែលបានកើតឡើងកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ ទៅកាន់អភិបាលខណ្ឌទាំងអស់ឲ្យដឹងច្បាស់ថា អ្នកដែលទទួល ខុស ត្រូវ គឺជាអាជ្ញាធរដែនដីតែម្តង មិនមែនមន្ទីរដែនដីនោះទេ ។

លោក ឃួង ស្រេង បានលើកឡើងថា៖ បើស្រួលពេកមិនដំណើរការ អត់ទៅមុខ មិនដើរ យើងក៏មិនដាច់ម៉ាត់ដែរ បើអគារនឹងវាជាបុរី ពីរបីជាន់ ចេញច្បាប់ពីយើង ពីរាជធានីទៅ អោយបុកគ្រឹះបណ្តើរៗ ប៉ុន្តែត្រូវមានការធានារ បច្ចេកទេស ពីសេនាធិការ​ យើងច្បាស់លាស់ ថាមិនអីទេ គាត់ធ្វើទៅកើត អាចទៅបាន គាត់គោរពតាមបទដ្ឋាន នគរូបនីបញ្ញាតិហើយ បច្ចេកទេសគាត់ មានភាពរឹងមាំហើយ ធានាបាននូវការរស់ នៅថ្ងៃអនាគត ចឹងក៏យើងទៅកើតដែរ កុំបណ្តោយ បើសិនបណ្តែតបណ្តោយ វាជារឿងមួយ​ ដែលពិបាកស្មាន ពាក់ព័ន្ធនឹងបច្ចេកទេសនេះ យើងក៏មិនបណ្ដែតបណ្ដោយឲ្យកើតជារឿងធំ ទើបយើងនាំគ្នាដោះស្រាយជាក្រោយនោះឡើយ ៕ សំរិត


ចែករំលែក៖