ភ្នំពេញ ៖ ជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿង ធ្វើសកម្មភាពដេញវាយ និងធាក់ឲ្យដួលប្លន់យកម៉ូតូបានសម្រេចហើយព្យាយាមបើករត់ តែប្រជាពរដ្ឋឃើញបើករថយន្តដេញបុកពីក្រោយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ ផ្ដួលម៉ូតូជនរងគ្រោះចោល ហើយរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦កែង នឹងផ្លូវលេខ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ វន ចាន់រិទ្ធ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការខាងរត់ឯកសារ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បើកម៉ូតូហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HT 1902 តាមបណ្ដោយលេខផ្លវ១៩៨៦ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ១ក្រុមបើកម៉ូតូស្របគ្នាមកពីក្រោយធ្វើសម្មភាពធាក់ឲ្យដួល និងវាយប្លន់យកម៉ូត ។ ឃើញសកម្មភាពដូច្នោះ រូបគាត់ជនរងគ្រោះ បានដកសោម៉ូតូរត់គេចចូលផ្ទះប្រជាពរដ្ឋ ឲ្យគេជួយដោយឃើញឱកាសល្អ ជនសង្ស័យទាំងនោះ បានលើកម៉ូតូជនរងគ្រោះជិះរុញបម្រុងគេចខ្លួនតែត្រូវប្រជាពរដ្ឋកំពុងតែបើករថយន្តឃើញហេតុការណ៍បើកដេញពីក្រោយ និងមិត្តភក្ត្រ័ជនរងគ្រោះម្នាក់ទៀតជិះដេញតាមផ្លូវ៥៩៨រហូតដល់កែង និងផ្លូវ១៩៦៦ដោយឃើញសភាពមិនស្រួលជនសង្ស័យទាំងនោះបានផ្ដួលម៉ូតូជនរងគ្រោះនាំគ្នាជិះគេចបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះយកកាតគ្រី និងឯកសារផ្សេងៗមកផ្ទៀងផ្ទាត់ត្រូវហើយទើបប្រជាពលរដ្ឋប្រគល់ម៉ូតូឲ្យជនរងគ្រោះជិះទៅផ្ទះបាត់ទៅ ដោយសារតែមិនមានសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ