ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌកម្មរបស់អាមេរិក មិនធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន Huawei ឡើយ

ចែករំលែក៖

ទោះបីអាមេរិកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយ នៅតែមានគោលដៅ ក្លាយជាក្រុមហ៊ុន​ទី​១ នៅលើពិភពលោកសម្រាប់ ទូរស័ព្ទឆ្លាតវៃ ។ ក្រុមហ៊ុន Huawei ថែមទាំងហ៊ានអះអាងថា នៅឆ្នាំ២០២០ ខ្លួននឹងអាចដណ្តើមតំណែងលេខ១ពី Samsung បានទៀតផង ។

លោក Guo Minghao អ្នកឯកទេសវិភាគមកពីហុងកុង របស់ក្រុមហ៊ុនមូលបត្រអន្តរជាតិ TF International Securities បាននិយាយ ថា អត្រានៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Huawei ក្នុងឆ្នាំ២០១៩នេះ នឹងលើសពីការព្យាករណ៍មុនពេលដែល Huawei ជាប់បញ្ជីខ្មៅរបស់អាមេរិកទៅទៀត ខណៈ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសន្យាបន្ធូរបន្ថយការឹតត្បិតលើ Huawei ។ នេះបើ តាមការដកស្រង់ការផ្សាយចេញពីវែបសាយ Forbes នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។

បើតាមលោក Guo ការលក់ស្មាតហ្វូន Huawei នៅឆ្នាំនេះ អាចឡើងដល់២៦០លានគ្រឿង ដែលវាច្រើនជាង២៥០លានគ្រឿង ដែលជាចំនួននៃ ការព្យាករណ៍មុន ពេលក្រុមហ៊ុន Huawei ជាប់បញ្ជីខ្មៅពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅទៀត ។ ហើយ មិនតែប៉ុណ្ណោះ ក្រោយពេលត្រូវអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ ថែមទាំងមានព័ត៌មានថា Huawei បានសម្រេចបន្ទាបការព្យាករណ៍ នៃ ការលក់ស្មាតហ្វូនសម្រាប់អំឡុងពេល០៦ខែចុងក្រោយនៃឆ្នាំ២០១៩នេះ ក្នុងអត្រាពី២០ទៅ៣០ភាគរយ និងបន្ថយ ក៏ដូចជា លុបចោលការបញ្ជាទិញទៅកាន់បណ្តាក្រុមហ៊ុន ដែលជាអ្នកផ្គត់ផ្គង់ធំៗរបស់ខ្លួន ។

អ្នកវិភាគហុងកុងខាងលើ បានលើកឡើងថា ការលក់ស្មាតហ្វូនបានចំ នួន២៦០លានគ្រឿងនេះ គឺអាស្រ័យទៅការស្តារទំនាក់ទំនង ប្រតិបត្តិការអាជីវកម្មឲ្យដូចដើមឡើងវិញរវាង Huawei និង Google ព្រោះស្មាតហ្វូនគ្រប់ស៊េរីរបស់ក្រុមហ៊ុន Huawei ដំណើរការ នៅលើប្រព័ន្ធប្រតិបត្តិការ Android OS របស់ Google ព្រមទាំងកម្មវិធីជាច្រើនទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះរបស់ អាមេរិក ។ កត្តាមួយទៀត គឺសម្អាងទៅលើសន្ទុះកើនឡើងនៃការលក់ស្មាតហ្វូនក្នុងប្រទេសចិនផ្ទាល់ ដែលជាទីផ្សារធំជាងគេ បំផុតនៅលើពិភពលោក ស្របពេលដែល Huawei បានស្ថិតក្រោមការតាមដាក់សម្ពាធធ្វើបាបពីអាមេរិក ។

គួរជម្រាបថា កាលពីឆ្នាំមុន កំណើនមួយចំនួនរបស់ក្រុមហ៊ុន Huawei គឺបានមកពីការធ្វើអាជីវកម្មស្មាតហ្វូន ហើយនៅពេលចូល មកដល់ឆ្នាំ២០១៩ គ្រប់គ្នាបានរង់ចាំផ្ទៀងភ្នែកមើលថាតើ ក្រុមហ៊ុនចិនដែលទើបតែរះត្រដែតខាងផ្នែកស្មាតហ្វូនមួយនេះ អាច បន្តប្រកួតប្រជែងឡើងដល់កម្រិតណាទៀតជាមួយក្រុមហ៊ុនស្មាតហ្វូនធំៗដែលដើរមុនខ្លួនដូចជា Apple របស់អាមេរិក និងជា ពិសេស Samsung របស់កូរ៉េខាងត្បូងតែម្តង ដែលកំពុងឈរនៅកំពូលតារាង ៕


 


ចែករំលែក៖