សម្ពាធទាបសីតុណ្ហភាពបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ជាច្រើន ជុំវិញពិភពលោក ពិសេសគឺតំបន់អាស៊ីភាគខាងត្បូង ក្នុងនោះមាន ឥណ្ឌា នេប៉ាល បង់ក្លាដែសជាដើម បណ្តាលឲ្យមនុស្សរាប់លាននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
ប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្សជាង ១០០នាក់ ស្លាប់ និង ជាង ៤លាននាក់ ត្រូវ ជម្លៀសចេញពីផ្ទះសម្បែងទៅកាន់ទីទួលមានសុវត្ថិភាព ។ ទាំងនោះជាចំនួនពលដ្ឋដែលរងផលប៉ះពាល់នៅក្នុងប្រទេសឥណ្ឌា បង់ក្លាដែស និងនេប៉ាល ។
នៅក្នុងប្រទេសឥណ្ឌា រដ្ឋអាស្សាម (Assam) និងរដ្ឋប៊ីហារ (Bihar) គឺជារដ្ឋពីរដែលស្ថិតក្នុងចំណោមរដ្ឋ ដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ ។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា នៅរដ្ឋអាស្សាម មនុស្សប្រហែល ៤.៣លាននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ក្នុងកំឡុងពេល ១០ថ្ងៃចុងក្រោយនេះ ដោយសារតែទឹកជំនន់កាន់តែកើនឡើងខ្លាំងទៅៗ ។
គួរកត់សម្គាល់ថា គ្រោះទឹកជំនន់នៅអាស៊ីខាងត្បូង តែងបណ្តាលឲ្យមានការផ្លាស់ទីលំនៅ និងស្លាប់មនុស្សជារៀងរាល់ឆ្នាំ ។ ដោយឡែកចំនួនអ្នកស្លាប់ និងការខូចខាតនៅឆ្នាំនេះ ទំនងជានឹងកើនឡើងថែមទៀត នៅពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ គួររំលឹកដែរថា ទឹកជំនន់នៅក្នុងប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស កាលពីឆ្នាំ២០១៧ បានបង្កឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៨០០នាក់ និងបានបំផ្លាញដំណែដំណាំ និងផ្ទះសម្បែងជាច្រើនខ្នង ។
អភិបាលរដ្ឋអាស្សាម (Assam) បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ស្ថានភាពទឹកជំនន់បានប្រែកាន់តែអាក្រក់ទៅៗហើយ ដោយមានស្រុកចំនួន ៣១ហើយ ក្នុងចំណោម ៣២ស្រុករបស់រដ្ឋនេះ ដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់» ។ លោកក៏បានបន្ថែមទៀតថា អាជ្ញាធរកំពុងប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទឹកជំនន់នេះ ។
គួរបញ្ជាក់ថា រដ្ឋអាស្សាមដែលត្រូវបានគេស្គាល់ថា ជាតំបន់ដំណាំឧស្សាហកម្មច្រើនជាងគេតែមួយគត់នៅឥណ្ឌា បានទទួលរងការវាយប្រហារដោយទឹកជំនន់ជារៀងរាល់ឆ្នាំ ហើយអាជ្ញាធរប្រចាំរដ្ឋនេះ បានចំណាយប្រាក់រាប់លានរូពីលើការដោះស្រាយបញ្ហា គ្រោះទឹកជំនន់ ។ ចំណែកឯ នៅប្រទេសនេប៉ាល់ឯណោះវិញ មានមនុស្សស្លាប់យ៉ាងហោចណាស់ ៦៤នាក់ ខណៈ៣១នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី ។
ដោយឡែក នៅប្រទេសបង់ក្លាដេស បើតាមមន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា នៅក្នុងគ្រោះទឹកជំនន់ឆ្នាំនេះ បានបង្ខំឲ្យមនុស្សប្រមាណ ១៩០,០០០នាក់ ត្រូវចាកចេញពីលំនៅឋានរបស់ពួកគេ ។ លើសពីនោះទៀតតំបន់មួយនៅបង់ក្លាដែស ដែលជាទី ជម្រករបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានភៀសខ្លួនពីអំពើហិង្សានៅប្រទេសមីយ៉ាន់ម៉ា ក៏ទទួលរងគ្រោះធម្មជាតិនេះដែរ ដោយមានមនុស្សជាងមួយសែននាក់ហើយ ត្រូវបានជម្លៀសចេញជំរុំរបស់ពួកគេ ។
តាមរយៈអង្គការឃ្លាំមើលសិទិ្ធមនុស្ស បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់តាំងពីដើមខែកក្កដាកន្លងមកនេះ គ្រោះទឹកជំនន់ និងការរអិលបាក់ដីបានបំផ្លិចបំផ្លាញផ្ទះសំបែង រាប់ពាន់កន្លែងនៅជំរុំជនភៀសខ្លួន និងបានសម្លាប់មនុស្សពីរនាក់ ក្នុងនោះមានក៏កុមារម្នាក់ផងដែរ៕