ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុលរថយន្តម៉ែកសឺដែស ត្រង់ពីចំហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារ សាលីកា តាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវលេខ២៨០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក មាស័រដេស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O- 9597 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក QBiK ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GZ-1183 ឌុបគ្នាតាមបណ្ដោយផ្លូវ២៨០ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយមិនបានប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន ភាគីខាងម៉ូតូក៏ជ្រុលបុករថយន្តខាងលើចំពីចហៀងពេញទំហឹង បណ្ដាលឲ្យអ្នកឌុបរងរបួសធ្ងន់ ឯអ្នកជិះពីក្រោយរងរបួសស្រាល ចំណែករថយន្ត និងម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុភ្លាមៗ យុវជនទាំង២នាក់ខាងលើត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ។ មួយសន្ទុះក្រោយ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្ត និងម៉ូតូខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ ៕ ភារ៉ា ដង្កោ