បើទោះបីមានឈ្មួញខ្លះរួញខ្លួន ព្រោះតែគណៈកម្មការជាតិបង្ក្រាបបទល្មើសចុះធ្វើសកម្មភាពយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់បងណាក់ ដៃគូចែភក្តិ នៅតែឈរជើងយ៉ាងរឹងមាំក្នុងការទិញឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់នោះដដែល ។ គេរាយការណ៍ថា លោកណាក់ ឈរជើងទិញឈើជាចំហរដដែល បើទោះបីជាឈ្មួញមួយចំនួនរួញខ្លួនលែងហ៊ានធ្វើសកម្មភាពក៏ដោយ ។ ពលរដ្ឋរកស៊ីដឹកឈើតាមម៉ូតូ បន្តសម្រុកយកឈើមកទម្លាក់ឲ្យបងណាក់ នៅចំណុចជិតចំការតាលី ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ មិនថាយប់ ឬថ្ងៃទេ អ្នកដឹកឈើតាមម៉ូតូធ្វើសកម្មភាពជញ្ជូនជាចំហរ យកមកលក់ឲ្យបងណាក់ ។
ដោយមានការសម្របសម្រួលពីមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឈ្មោះ ជួន ភាព អ្នកដឹកឈើតាមម៉ូតូ បាននាំគ្នាសម្តៅមកចំណុចក្បែរចម្ការតាលី ដើម្បីទម្លាក់ឲ្យបង ណាក់ ។ ស្របពេលដែលឈ្មួញដទៃលែងហ៊ានធ្វើសកម្មភាព បង ណាក់ ឈរទិញឈើជាចំហរនៅក្នុងតម្លៃថោកៗ ពីប្រជាពលរដ្ឋដែលចូលព្រៃរកបានឈើនោះ ។ បើមិនលក់ឲ្យបង ណាក់ និងចែ ភក្តិ ទេ គឺមិនមានម៉ូយ សម្រាប់ទិញឈើទាំងនោះឡើយ ។ រីឯមន្ត្រីបរិស្ថានឈ្មោះ ជួន ភាព ក៏បានណែនាំអ្នករកឈើយកទៅលក់ឲ្យបង ណាក់ និងចែ ភក្តិ នោះដែរ ។ បើមិនលក់ឲ្យបងណាក់ និងចែ ភក្តិ ទេ មុខជាត្រូវប្រឈមមុខពីមន្ត្រីបរិស្ថានទាំងនោះជាមិនខាន ។ ប្រភពរាយការណ៍ថា ពួកមន្ត្រីបរិស្ថាន ក្រៅតែពីសម្របសម្រួលឲ្យអ្នកដឹកឈើលក់ឲ្យបង ណាក់ និងចែ ភក្តិ នោះក៏នៅបានទារលុយពីអ្នកដឹកឈើតាមម៉ូតូនោះដែរ ។
គេរាយការណ៍ថា នៅក្នុងស្រុកភ្នំក្រវាញ សកម្មភាពរកស៊ីឈើ ជាពិសេសការឈរទិញឈើជាចំហរ ហាក់ដូចជាបានថមថយបន្តិចទៅហើយសម្រាប់អ្នករកស៊ីដទៃ ប៉ុន្តែសម្រាប់ចែភក្តិ និងដៃគូរបស់គាត់ គឺបង ណាក់ មិនបានបន្ថយដៃនោះទេ ។ អ្នកធ្លាប់រកស៊ីដូចគ្នា ក៏មិនដឹងថា តើចែភក្តិ និងបងណាក់ មានឥទ្ធិពលខ្លាំងយ៉ាងណានោះទេ ទើបបានជានៅតែបន្តធ្វើសកម្មភាពជាចំហររៀងរាល់ថ្ងៃនេះ ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តពោធិ៍សាត់ ជាពិសេសខាងបរិស្ថាន ក៏មិនដែលខ្វល់ថា នឹងត្រូវចាត់វិធានការចំពោះឈ្មួញរកស៊ីខុសច្បាប់នេះដែរ ទំនងជារង់ចាំគណៈកម្មការជាតិចុះទៅបង្រ្កាបដោយផ្ទាល់ហើយមើលទៅ ។ គេមិនដឹងថា តើពេលណាទើប សកម្មភាពការទិញដូរឈើនៅស្រុកភ្នំក្រវាញធូរស្បើយនោះទេ ៕