ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ជោគជ័យធំ​ដែលបង្ក្រាបសំរាម​បាន​៨៣កុងតឺន័រ

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់​ដែលមានចំណេះដឹងខ្សត់ខ្សោយ មិនយល់សោះ​ចំពោះអ្វីដែលគេហៅថា ជោគជ័យ ក្នុងការបង្ក្រាបបានសំរាម​៨៣កុងតឺន័រ​ ពោលគឺជាង​១៦០០​តោន ហើយ​ត្រៀមបង្វិលឲ្យប្រទេសដើមវិញ ។ អានេះ វាជាសំរាម ចុះបើវាជាមាសសុទ្ធ មិនដឹងថា តើវាជាជោគជ័យ​ក្នុងទំហំប៉ុនណានោះទេ? ចុះបើវាមិនមែនជាមាសសុទ្ធ ផ្ទុយទៅវិញ វាជាគ្រឿងញៀន? វាជាគ្រាប់​រំសេវ?… ដែលត្រូវ​នាំចូល​មកដល់ដល់កំពង់ផែក្រុងព្រះសីហនុ ហើយទើបដឹងជាក្រោយនោះ តើវានឹង​ជាជោគជ័យធំប៉ុណ្ណាទេ? យ៉ាងណាក៏ដោយ រឿងនេះ​ហាក់ដូច​ជាលាក់បាំង​ចំពោះការទទួលខុសត្រូវ​ក្នុងនាមស្ថាប័នជំនាញ ផ្ទុយទៅវិញ បែរជាបញ្ជាក់អំពីភាពជោគជ័យ​ក្នុងការរកឃើញសំរាម​ទាំងនេះ និងកំពុងត្រៀមបញ្ជូនឲ្យប្រទេសដើមវិញ ។

មិនមែនតែ​ខ្ញុំបាទម្នាក់នោះទេ ដែលមិនយល់​អំពីជោគជ័យនេះ ប៉ុន្តែប្រជាពលរដ្ឋខ្មែរភាគច្រើន ក៏មិនយល់ដូចខ្ញុំបាទដែរ ហើយក៏ព្យាយាមមិនយល់តទៅទៀត គ្រាន់តែរង់ចាំមើលថា តើវេលាណាដែលអាជ្ញាធរមានសមត្ថកិច្ចនៃយើងបញ្ជូន​សំរាមទាំងនោះ​ឲ្យទៅប្រទេសដើមវិញ ហើយថា តើប្រទេសដើមនោះ គេព្រមទទួល​ដែរឬយ៉ាងណា? ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋខ្មែររំពឹងថា សំរាមទាំងជាង​១៦០០​តោននោះ នឹងត្រូវ​បញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់វាវិញ ។ អ្វីដែលរាស្ត្រខ្មែរមិនយល់ គឺចេះតែឆ្ងល់ថា ហេតុអ្វី​សំរាមទាំងនោះ (៨៣កុងតឺន័រ) អាច​ធ្វើដំណើរ​មកដល់សមុទ្រព្រះរាជាណាចក្រកម្ពុជាបាន? វាគួរតែ​មានការត្រួតពិនិត្យពីដើមទី មិនមែនដោយសារការបន្លំឯកសារអ្វីឡើយ? បើសុទ្ធតែ​បន្លំឯកសារហើយត្រូវបាននាំមកដល់កម្ពុជានោះ គេអាចនឹង​នាំអ្វីៗ ដែលបង្កហានិភ័យ​ដល់ប្រទេសកម្ពុជា​តាមរយៈការក្លែងបន្លំឯកសារ?

ពិតហើយ កម្ពុជាមិនមែន​ជាកន្លែងសម្រាប់ចាក់សំរាមចោលរបស់បណ្តាប្រទេសលោកខាងលិច ឬប្រទេសណាមួយនោះឡើយ ប៉ុន្តែ​ការដែល​យើងមិនអាចដឹងមុនថា គេនាំអ្វីមកឲ្យនោះ វាបង្កឲ្យមានហានិភ័យ និងគ្រោះថ្នាក់ខ្ពស់ ។ នេះចេះសមត្ថកិច្ចគយមាន​ការសង្ស័យ ក៏នាំគ្នាគាស់ទូកុងតឺន័រមើល ចុះបើអត់សង្ស័យទេ វានឹងទៅជាយ៉ាងណា? សម្រាប់រាស្ត្រខ្មែរឆ្ងល់ថា គេអាចបន្លំឯកសារ ទាំងនោះ​ហើយនាំ​សំរាមបានរាប់សិបពាន់តោន​ចូលមកដល់កម្ពុជា? នេះគឺជាបែបបទ និងនីតិវិធីរបស់គយ ដែលរាស្ត្រខ្មែរសាមញ្ញ​មិនអាច​យល់បាន ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែជាជោគជ័យដ៏ធំធេង ដែលគយអាចចាត់វិធានការបានទាន់ពេល ប្រកបដោយ​ភាព​កក់ក្តៅសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេស ។ ប៉ុន្តែបើនិយាយពីរឿងនេះ វាមិនមែនជាលើកទីមួយ ដែលថាកម្ពុជាគ្មានបទពិសោធន៍​ក្នុងការ​ទទួលកាកសំណល់ពីបរទេសនោះទេ ។ វាធ្លាប់បង្កឲ្យមានបញ្ហាជ្រួលច្របល់​ម្តងរួចមកហើយនៅឯខេត្តព្រះសីហនុ ។

យ៉ាងណាក៏ដោយ យើងខ្ញុំជាប្រជាពលរដ្ឋ ក៏សម្តែងនូវករអបអរសាទរជាមួយ​សមត្ថកិច្ចជំនាញរបស់កម្ពុជា ដែលចាត់ការទាន់ពេលវេលា កុំអីស្បោងសំរាមកាកសំណល់ទាំងនោះ មុខជាហោះ​ពេញផ្ទៃប្រទេសមិនខាន ។ មិនតិចទេ សំរាមជាង១៦០០​តោន? ប្រសិនបើវាប៉ើងតាមខ្យល់មែននោះ វាមុខជាងងឹតមេឃរកធ្វើដំណើរមិន​បាននោះទេ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សូមសម្តែងនូវការ​អបអរសាទរជាមួយអាជ្ញាធរ ដែលមានវិធានការទាន់ពេលវេលា ហើយរំពឹងថា សំណល់ប្ល៉ាស្ទិក ទាំង៨៣ទូកុងតឺន័រ ឬ​ជាង​១៦០០​តោន​នោះ នឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ​ក្នុងពេលឆាប់ៗ ហើយ​ប្រទេសដើមនោះ ក៏ព្រមទទួលយកដោយស្ម័គ្រចិត្ត ។ យើងមិនបាច់​និយាយ​ពីអ្នកទទួលខុសត្រូវអ្វីទេ ពីព្រោះថា វាកើតចេញពីការក្លែងបន្លំឯកសារ ។ ដូច្នេះកុំនិយាយពីរឿងអ្នកទទួលខុសត្រូវ គឺត្រូវ ខ័ណ្ឌចប់ ត្រឹមនេះ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖