ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនម្ចាស់ដីឡូតិ៍ក្រុមហ៊ុន Enarita លោក ឌីម សួនណាត ពីបទឆបោក និងចេញសែកស្អុយប្រមាណជិត៣០០រយលានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឌីម សួនណាត ដែលជាអ្នកជំនួញដីឡូតិ៍វ័យក្មេង និងជាម្ចាស់ក្រុមហ៊ុន អ៊ី ណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.) បានភូតភរ និងឆរបោកប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់ប្រមាណជិត៣០០រយលានដុល្លារ ដើម្បីសងលុយជនរងគ្រោះវិញ ប៉ុន្តែសែកនោះស្អុយគ្មានលុយ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

យោងតាមប្រភពពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក ឌីម សួនណាត ដែលជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុន អ៊ី ណារីតា ឌីវេឡុបម៉ិន ឯ.ក (ENARITA DEVELOPMENT CO.,LTD.)  បានភូតភរ និងឆរបោកជាច្រើនលើក ហើយបានចេញសែកសងលុយ ប៉ុន្តែគ្មានលុយដល់ជនរងគ្រោះជាច្រើននាក់ ដែលមានទឹកប្រាក់សរុបយ៉ាងច្រើនសន្ធឹកប្រមាណជិត៣០០លានដុល្លារ។

ប្រភពពីជនរងគ្រោះដដែល បានបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់គាត់ (ជនរងគ្រោះ) ណាត់ហូបបាយជុំគ្នាដើម្បីធ្វើការដោះស្រាយនៅភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយក៏ជូនដំណឹងដល់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះមកឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។ ក្រោយឃាត់ខ្លួនហើយសមត្ថកិច្ច បានបញ្ជូនខ្លួនទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមិនតិចជាង៧នាក់នោះទេ ។

គួរបញ្ជាក់ថាកន្លងមក លោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុនអចលនាទ្រព្យ Enatita ដែលទើបល្បីឈ្មោះក្នុងឆ្នាំ២០១៩នេះ ផ្ទុះខ្លាំងលើការរកស៊ីពុះដីឡូតិ៍ក្នុងខេត្តធំៗជាច្រើន ។ ក្រុមហ៊ុននេះតែងតែផ្សព្វផ្សាយប្រកាសលក់ដីនៅក្នុងតំបន់ទេសចរណ៍ ដើម្បីផ្ដល់ឱកាសអោយអតិថិជនមានលទ្ធភាពទិញដីទុកធ្វើផ្ទះលម្ហែកាយ ។

មួយរយៈពេលប៉ុន្មានខែនេះមាន សន្ទុះល្បីឈ្មោះយ៉ាងខ្លាំង ដោយប្រើវិធីប្រូម៉ូហ្សិនទិញដីបញ្ចុះតម្លៃ និងបន្ថែមរង្វាន់ផ្សេងៗ ដូចជាទូរស័ព្ទ និងរង្វាន់ផ្សេងៗ គឺរឹតតែធ្វើអោយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកាន់តែទទួលបានការចាប់អារម្មណ៍ និងមានការឈានឡើងក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែចុងក្រោយមកផ្ទុះរឿងអគ្គនាយកក្រុមហ៊ុន ឆបោក និងចេញសែកស្អុយរហូតគេប្តឹងចាប់ខ្លួនទៅវិញ ។

បច្ចុប្បន្នលោក ឌឹម សួនណាត កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕ស តារា


ចែករំលែក៖