ក្រោយពេលដែលកម្លាំងទហានជើងទឹក និងប្រធានាធិបតីអាមេរិក បានប្រកាសថា បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់មក រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានបញ្ជាក់ថា មិនមានព័ត៌មានថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បាត់ខ្លួននោះឡើយ ។
នៅពេលនេះ មិនទាន់មានអ្នកណាបញ្ជាក់ការពិតថា អាមេរិកពិតជាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដូចការប្រកាសរបស់ប្រធានាធិបតីដូណាល់ ត្រាំ ឬយ៉ាងណា ។ ប៉ុន្តែការប្រកាសទាំងនោះបានធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែតានតឹងទ្វេដង ។
សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងនាវា អាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Hormuz ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែ សោះ ។
យោងតាមលោក ដូណាល់ ត្រាំ នាវាចម្បាំងអាមេរិក USS Boxer បានចាត់វិធានការ ការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះនេះ ហោះមកក្បែរនៅចំងាយ៩១៤ម៉ែត្រ ពីនាវាចម្បាំងអាមេរិក ។ ប៉ុន្តែមកទល់នឹងពេល ខាងអ៊ីរ៉ង់មិនទាន់ទទួលស្គាល់ការអះអាងនេះ នៅឡើយទេ ។
គួររំលឹកថា កាលពីខែមិថុនា កន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូន អាមេរិកមួយគ្រឿងផងដែរ ហើយឧបទ្ទវហេតុនេះបានធ្វើឲ្យប្រទេសទាំងពីរ មានភាពតានតឹងគ្នា រហូតជិតបង្កទៅជាជម្លោះប្រដាប់អាវុធ ។ តែនៅទីចុងក្រោយ លោក ត្រាំ បានលុបចោលបទបញ្ជាវាយប្រហារលើទីក្រុងតេហេរ៉ង់ ទាន់ពេលវេលា៕