ខេត្តស្វាយរៀង៖ បុរសសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាយកញញួរវាយក្បាលពូថ្លៃបណ្ដាលឲ្យរងរបួសធ្ងន់ ។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិឫស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ពៅ ធីតា (ហៅទិត្យ )អាយុ ៣២ឆ្នាំ មុខរបរ កសិកររស់នៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។
ចំណែកជនរងគ្រោះត្រូវជាពូថ្លៃមានឈ្មោះ សៅ សាអែម អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឫស្សីដោច ឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ដោយរងរបួសត្រូវមួយញញួរចំក្បាល គ្រូពេទ្យដេរអស់៧ថ្នេរ ។
បើតាមឪពុកក្មេកឈ្មោះ សៅ វណ្ណា អាយុ៤៨ឆ្នាំ បានឲ្យសមត្ថកិច្ចដឹងថា មុនថ្ងៃកើតហេតុ ជនសង្ស័យត្រូវជាកូនប្រសា មានជម្លោះជាមួយប្រពន្ធរយះពេលមួយយប់មួយថ្ងៃ ។
ក្រោយមកក៏បានទៅផឹកស្រារហូតដល់ស្រវឹង រួចបានត្រឡប់មកផ្ទះ ស្រាប់តែទាញយកដាវសាម៉ូរ៉ៃ និងញញួរ ជិះម៉ូតូមករករឿងជេរដៀលគាត់ជាឪពុកក្មេកដល់ផ្ទះ ធ្វើឲ្យគាត់មានការភិតភ័យយ៉ាងខ្លាំង និងរត់ទៅផ្ទះប្អូនបង្កើតឲ្យជួយអន្តរាគមន៍ ឃាត់កូនប្រសា ពេលមកដល់ ស្រាប់តែជនសង្ស័យវាយនឹងញញួរត្រូវចំក្បាល បង្កការភ្ញាក់ផ្អើលតែម្ដង ។
បច្ចុប្បន្នជនសង្ស័យត្រូវ បានសមត្ថកិច្ចឃាត់ខ្លូននៅប៉ុស្តិ៍រដ្ឋបាលដើម្បីអនុវត្តន៍តាមច្បាប់ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលពេទ្យឯកជនផងដែរ ៕ យឹម សុថាន