ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិបានសម្រេចជាច្រើនលើក ចុងក្រោយសមត្ថកិច្ចខណ្ឌដង្កោចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ០៩AEo បុរីឡាយគង់ ផ្លូវបេតុងលេខ០១ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងកាត់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលលួចយកទ្រព្យសម្បត្តិ ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ផល្លាភ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ ២៤N ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន១នាក់ មានឈ្មោះ សុខ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀនឃាត់ខ្លួនជាក់ស្តែង) ។

ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ កន្ត្រៃកាត់ដែក(ធំ)ចំនួន០១, ទុយណឺវីសចំនួន០១ និងសោរផ្ទះ(ខូច) ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងកាត់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមករូបគេ និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសម្រេចជាច្រើនលើកថែមទៀត រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖