ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា លោកត្រាំ មិនមានគោលនយោបាយដឹកនាំច្បាស់លាស់ណាមួយសម្រាប់ខ្លួនឯងផ្ទាល់នោះឡើយ ដោយលោកយកគោលនយោបាយ របស់អូបាម៉ា មកប្រើប្រាស់ ក្នុងរយៈពេលកន្លងមក ។ លោកត្រាំ បានអនុវត្តគោលនយោបាយ តាមអូបាម៉ាទាំងស្រុង តែផ្ទុយគ្នា ។
ជាក់ស្តែង លោកត្រាំ បង្កើតកម្មវិធសុខាភិបាល លោកត្រាំ ក៏បាន ដកចេញ ។ លោកអូបាម៉ា បង្កើតកម្មវិធីការពារ ជនអន្តោប្រវេសន៍នៅអាមេរិក លោកត្រាំ បែរជាបណ្តេញជនអន្តោប្រវេសន៍ … ក្រៅពីនេះនៅមាន កិច្ចព្រមព្រៀងជាច្រើន ទៀត និងគោលនយោបាយរបស់អតីតប្រធានាធិបតីអូបាម៉ា ត្រូវ បានប្រធានាធិបតីត្រាំ អនុវត្តន៍បញ្ច្រាសទាំងនោះ ។
នយោបាយដែលបង្កឲ្យមានវិវាទខ្លាំងជាងគេបំផុតនោះ គឺការដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ បានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ ក្នុងសន្តិសុខ ស្ទើរតែផ្ទុះសង្គ្រាម ។
ក្រុមអ្នកវិភាគលើកឡើងថា លោកត្រាំ មិនបានដឹកនាំអាមេរិកដោយពិតប្រាកដនោះឡើយ ការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោក គឺគ្រាន់តែ លុបបំបាត់ស្នាដៃ របស់អតីតប្រធានាធិបតីស្បែកខ្មៅអាមេរិក តែប៉ុណ្ណោះ ។ ហេតុការណ៍ខាងលើបានបង្ហាញតាមរយៈ ការប្រកាន់ពូជសាសន៍របស់លោក ត្រាំ ។
សូម្បីតែឯកអគ្គរាជទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកបានវាយតម្លៃថា មូលហេតុដែលជំរុញឲ្យលោកដូណាល់ ត្រាំ ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺដោយសារតែកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយលោក អូបាម៉ា ។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើង តាមរយៈតេឡេក្រាម និងរបាយការណ៍សម្ងាត់ ដែលត្រូវបានលេចធ្លាយ ហើយចុះផ្សាយដោយកាសែតអង់គ្លេស។
“វិទ្ធង្សនាការទូត” នេះគឺជាការវាយតម្លៃរបស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងវ៉ាស៊ីងតោន ទៅលើសកម្មភាពរបស់លោកដូណាល់ ត្រាំ ទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។
គួរបញ្ជាក់ថា លោក គីម ឌែរ៉ុក (Kim Darroch) បានលាលែងចេញពីតំណែងជាឯកអគ្គរាជទូតអង់គ្លេសរួចទៅហើយ តាំងពីថ្ងៃពុធកន្លងទៅ ក្រោយពីមានការលេចធ្លាយតេឡេក្រាមការទូតលើកទីមួយ ដែលនៅក្នុងនោះ លោកបានវាយតម្លៃថា លោកដូណាល់ ត្រាំ គឺជាមនុស្ស “អសមត្ថភាព” ក្នុងការកាន់តំណែងជាប្រធានាធិបតី ។
ក្រោយពីការលេចធ្លាយតេឡេក្រាមសម្ងាត់នេះ ប៉ូលិសអង់គ្លេសបានបើកការស៊ើបអង្កេតរកប្រភពនៃការលេចធ្លាយ ហើយព្រមទាំងបានព្រមានដល់អ្នកកាសែតឲ្យបញ្ឈប់ការចុះផ្សាយឯកសារសម្ងាត់នេះ ដោយលើកឡើងថា អ្នកចុះផ្សាយអាចនឹងត្រូវជាប់ទោសព្រហ្មទណ្ឌ ។ ការព្រមាននេះ បានធ្វើឲ្យមានការបរិហាររិះគន់យ៉ាងខ្លាំងក្លា ដោយបានលើកឡើងថា នេះគឺជាការរំលោភបំពានលើសិទ្ធិសេរីភាពសារព័ត៌មាន ។ ហើយបើទោះបីជាមានការព្រមានបែបនេះក៏ដោយ កាសែត The Daily Mail នៅតែបន្តចុះផ្សាយវគ្គទីពីរ នៃតេឡេក្រាមការទូតសម្ងាត់ ដែលលេចធ្លាយនេះ ។
តេឡេក្រាមការទូតដែល The Daily Mail ចុះផ្សាយ ត្រូវបានបញ្ជូនពីស្ថានទូតអង់គ្លេសប្រចាំរដ្ឋធានីវ៉ាស៊ីងតោន មកកាន់ក្រសួងការបរទេសនៅទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៨ កន្លងទៅ ក្រោយពីរដ្ឋមន្រ្តីការបរទេសអង់គ្លេសបានព្យាយាម តែមិនបានសម្រេច ក្នុងការបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ ឲ្យបន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះជាមួយអ៊ីរ៉ង់ ។
នៅក្នុងតេឡេក្រាមដែលលេចធ្លាយនេះ លោកឯកអគ្គរាជទូតអង់គ្លេសបានវាយតម្លៃថា លោកដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ “ដោយមូលហេតុផ្ទាល់ខ្លួន” គឺដោយសារតែកិច្ចព្រមព្រៀងនេះ ត្រូវបានចុះដោយលោកអូបាម៉ា ។ បន្ថែមពីលើនេះទៀត លោក គីម ឌែរ៉ុក បានលើកឡើងថា មន្រ្តីរបស់លោកដូណាល់ ត្រាំ មានការខ្វែងគំនិតគ្នាច្រើន ជុំវិញរឿងនេះ ហើយជាងនេះទៅទៀត លោកបានរិះគន់រដ្ឋការរបស់លោកដូណាល់ ត្រាំ ថា មិនបានពិភាក្សាជាមួយប្រទេសជាសម្ព័ន្ធមិត្ត និងជាពិសេស ថា អាមេរិកគិតតែពីរឿងដកខ្លួនចេញពីកិច្ចព្រមព្រៀង ក៏ប៉ុន្តែ មិនបានកំណត់យុទ្ធសាស្រ្តច្បាស់លាស់សម្រាប់រយៈពេលវែងថា តើត្រូវមានចំណាត់ការអ្វីជាបន្តទៀត ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ?
គួររំឭកឡើងវិញថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះត្រូវបានចុះ កាលពីឆ្នាំ២០១៥ រវាងម្ខាងអ៊ីរ៉ង់ និងម្ខាងទៀតប្រទេសសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី បូករួមជាមួយនឹងប្រទេសអាល្លឺម៉ង់ ។ កិច្ចព្រមព្រៀង ដែលដាក់កម្រិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ៕