ភ្នំពេញ៖ បុរសម្នាក់ជានគរបាលរងប៉ុស្តិ៍ខ្វាវ ស្រុកសំរោងត្រូវបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលាបើកបុកម៉ូតូហើយថយកិនបណ្តាលឲ្យស្លាប់ភ្លាមយ៉ាងអាណោចអាធម័កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
សាកសពតាមការពិនិត្យលើឯកសារអត្តសញ្ញណប័ណ្ណនៅជាប់តាមខ្លួនមានឈ្មោះ យឹង សឹង ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាលអនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជាមន្ត្រីនគរបាលជិះម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 1-5071 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ3E 0345 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះរថយន្តបង្កបានថយរថយន្តមកកិនបន្ថែមទើបជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម័ ។
ក្រោយកើតហេតុតៃកុងរថយន្តបង្កចុះពីលើរថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញមកវាស់វែងយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបាននគរបាលទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ