ព័ត៌មានទាន់ហេតុការណ៍៖

វេណេហ្ស៊ុយអេឡា ចោទអាមេរិក ប៉ុនប៉ងរំលោភដែនអាកាសរបស់ខ្លួន

ចែករំលែក៖

ក្រសួងការពារជាតិ វេណេហ្ស៊ុយអេឡា កាលពីថ្ងៃទី ​២១ ខែកក្កដា បានចោទប្រកាន់យន្តហោះស៊ើបការណ៍អាមេរិក EP-3 បានចូលក្នុងដែនអាកាសប្រទេសនេះ ។ ភ្លាមៗនោះ ទាហានការពារដែនអាកាសរបស់វេណេហ្ស៊ុយអេឡា បានបញ្ជូនយន្តហោះចម្បាំង ទៅរារាំងយន្តហោះស៊ើបការណ៍របស់អាមេរិក​ ឲ្យងាកចេញទៅដែនអាកាសអន្តរជាតិវិញ​ ។

ចំណែកសហរដ្ឋអាមេរិក អះអាងថា យន្ដហោះចម្បាំងវេណេស៊ុយអេឡា ហោះប្រដេញយន្ដហោះយោធា របស់ខ្លួន នៅលើដែនអាកាសអន្តរជាតិ ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ យោធាអាមេរិក បានចោទប្រកាន់ថាយន្ដហោះចម្បាំងវេណេស៊ុយអេឡា បានហោះ ប្រដេញយ៉ាងប្រកៀកតាមពីក្រោយ យន្ដហោះយោធាអាមេរិក EP-3 នៅលើដែនអាកាសអន្តរជាតិ ដែលនេះគឺជាសកម្មភាពគ្មានវិជ្ជាជីវៈ ខណៈប្រទេសទាំងពីរកំពុងមានភាពតានតឹងនឹងគ្នាស្រាប់ ។

យោងតាមយោធាអាមេរិក ឧបទ្ទវហេតុរវាងយន្ដហោះយោធាទាំងពីរខាងលើ បានកើតឡើងកាលពី សុក្រ ពោលគឺក្នុងថ្ងៃតែមួយដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាស ដាក់ទណ្ឌកម្មលើមន្ត្រីស៊ើបការណ៍សំងាត់វេណេស៊ុយអេឡា០៤នាក់ ។ យន្ដហោះទាំងពីរគ្រឿងនេះ មិនបានបុកគ្នាឡើយ ហើយក៏គ្មាននរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នេះដែរ ។

គួរបញ្ជាក់ថា យោធាអាមេរិកមិនបានបញ្ជាក់លម្អិតពីបេសកកម្មរបស់យន្ដហោះស៊ើបការណ៍ EP-3 ឬក៏ពីទីតាំងកើតហេតុឡើយ ។ ប៉ុន្តែ បើតាមខាងទីក្រុងការ៉ាកាស់ យន្ដហោះចម្បាំងវេណេស៊ុយអេឡា ២គ្រឿង បានហោះតាមស្ទាក់ចាប់យន្ដហោះយោធាអាមេរិកមួយគ្រឿង ហើយបានបណ្ដេញយន្ដហោះ នេះចេញពីដែនអាកាសវេណេស៊ុយអេឡា ៕

 


ចែករំលែក៖