ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកជំរុញឲ្យខិតខំផលិត យានបញ្ជូនម​នុស្ស ទៅកាន់ឋានព្រះច័ន្ទ ក្នុងពេលឆាប់ៗ

ចែករំលែក៖

អាមេរិកមានការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងវិស័យស្រាវជ្រាវ ទីអវកាស ក៏ដូចជាបញ្ជូនមនុស្សឡើងទៅកាន់ឋានព្រះច័ន្ទ ។ នៅពេលនេះ អាមេរិក បានខិតខំផលិតយាន ​Orion បញ្ជូនមនុស្សឡើងឋានព្រះច័ន្ទនាឆ្នាំ​២០២៤ ខាងមុខ ។

សារព័ត៌មាន​ Space News របស់អាមេរិក នៅថ្ងៃទី ២២ ខែកក្កដា បានផ្សាយថា ក្នុងឱកាសខួបទី ៥០ឆ្នាំ នៃការចុះជាន់លើឋានព្រះច័ន្ទរបស់បេសកកម្ម Apollo 11 ទីភ្នាក់ងារអវកាសអាមេរិក NASA និងសេតវិមាន បានឆ្លៀតប្រកាសឲ្យដឹងពីស្ថានភាព នៃការអភិវឌ្ឍយានអវកាស Orion ដែលនឹងប្រើសម្រាប់នាំយកមនុស្សឡើង ទៅកាន់ព្រះច័ន្ទជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ ។

កាលពីថ្ងៃ ទី២០ ខែកក្កដា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ដែលជាពេលយាន Eagle បានចុះចតលើផ្ទៃព្រះច័ន្ទដោយជោគជ័យកាលពី ៥០ឆ្នាំមុន អនុប្រធានធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានប្រាប់ថា ដំណើរការរៀបចំដំឡើងយានអវកាស Orion នាពេលនេះគឺត្រូវបានបញ្ចប់ជាស្ថាពរហើយ និងកំពុងត្រៀមសម្រាប់ការធ្វើតេស្តសាកល្បងចុងក្រោយ ដើម្បីឆ្ពោះទៅរកការហោះហើរជាលើកដំបូង ។

គម្រោងធ្វើការហោះហើរជាលើកដំបូងហៅថាបេសកកម្ម Artemis 1 របស់យាន Orion នឹងធ្វើឡើងតាមរយៈគ្រាប់រ៉ុក្កែតជំនាន់ថ្មី ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍដូចគ្នាឈ្មោះ Space Launch System ឬ SLS ។ បេសកកម្មនោះ គឺជាការហោះហើររយៈពេល ០៣សប្តាហ៍នៅក្បែរព្រះច័ន្ទ ដោយពុំមានអវកាសយានិកឡើយ ខណៈបេសកកម្មមួយទៀតគឺ Artemis 2 ទើបវានឹងនាំយកអវកាសយានិកទៅជាមួយ ។ យ៉ាងណាមិញបេសកកម្ម Artemis 1 ពុំទាន់មានការអាប់ដេតថា នឹងត្រូវធ្វើឡើងនៅពេលណាឲ្យច្បាស់នៅឡើយទេ ខណៈបេសកកម្ម Artemis 2 ត្រូវបានកំណត់ថា នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ។

គួរជម្រាបថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៦៩ សហរដ្ឋអាមេរិកបានបញ្ជូនអវកាសយានិក ០៣រូប ក្នុងបេសកកម្មអាប៉ូឡូទី ១១ ដើម្បីឆ្ពោះទៅឋានព្រះច័ន្ទ ក្នុងការប្រកួតប្រជែងវិស័យអវកាសជាមួយសហភាពសូវៀត (រុស្ស៊ី) ។ ក្នុងនោះមានយានអវកាស សរុបចំនួន ០២គ្រឿងគឺយាន Columbia និងយាន Eagle ។ នៅពេលដល់ក្បែរព្រះច័ន្ទ លោក Neil Armstrong និង លោក Buzz Aldrin បានចូលទៅក្នុងយាន Eagle ហើយបានបញ្ជាយាននោះ ចុះទៅដល់លើផ្ទៃព្រះច័ន្ទនៅថ្ងៃទី២០ ខែកក្កដា ខណៈលោក Michael Collins បានរង់ចាំក្នុងយាន Columbia នៅលើទីអវកាស ។

រហូតដល់ថ្ងៃទី២១ ខែកក្កដា យាន Eagle បានហោះឡើងទៅរកយាន Columbia វិញ ហើយទីបំផុតនៅថ្ងៃទី២៤ ខែកក្កដា អវកាសយានិកទាំង ០៣នាក់ បានត្រឡប់ចុះមកដល់ផែនដី​ដោយសុវត្ថិភាព នៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ។ ដោយឡែក សម្រាប់គម្រោងបញ្ជូនអវកាសយានិកជាថ្មីម្តងទៀត ឡើងឆ្ពោះទៅព្រះច័ន្ទនៅឆ្នាំ២០២៤ ខាងមុខរបស់ NASA គឺមិន មែនគ្រាន់តែដើម្បីបន្សល់ទុកដានជើងដូចមុននោះឡើយ ដោយសហរដ្ឋអាមេរិក និងប្រទេសជាដៃគូនឹងយកព្រះច័ន្ទជាស្ថានីយឈប់សំចត (Transit) ដើម្បីត្រៀមខ្លួនឆ្ពោះទៅកាន់ទីឋានផ្សេងៗទៀត ជាពិសេសគឺភពព្រះអង្គារតែម្តង ៕


ចែករំលែក៖