អង់គ្លេសនៅពេលនេះ កំពុងតែធ្លាក់ចូលក្នុងវិវាទជាមួយអ៊ីរ៉ង់ នៅតំបន់សមុទ្រ ពែក្ស ក្រោយអង់គ្លេសចាប់នាវាអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បានចាប់នាវាដឹកប្រេងរបស់អង់គ្លេសពីរគ្រឿង ផងដែរ ។ នៅពេលនេះ អង់គ្លេស បានបង្កើនកម្លាំងទាហាននៅតំបន់ឈូងសមុទ្រ ហើយចូលរួមនៅក្នុងសម្ពន្ធមិត្ត ទាហានជើងទឹក ការពាររាល់នាវាដឹកទំនិញឆ្លងកាត់ទីនោះ ។
នៅពេលនេះ រដ្ឋាភិបាលអង់គ្លេស ចាត់វិធានការជាបន្ទាន់ដើម្បីតបតអ៊ីរ៉ង់ ក្រោយនាវាដឹកប្រេងពីរគ្រឿង ត្រូវអ៊ីរ៉ង់ចាប់នៅតំបន់សមុទ្រពែក្ស ។ រដ្ឋាភិបាលបានកោះប្រជុំមន្ត្រីសន្តិសុខបន្ទាន់ ស្តីពីវិធានការទប់ស្កាត់ និងការពារនាវាដឹកទំនិញរបស់អង់គ្លេស ។ នៅពេលនេះអង់គ្លេសបានសម្រេចបញ្ជូននាវាចម្បាំងបន្ថែមទៅកាន់ តំបន់សមុទ្រជាប់អ៊ីរ៉ង់ ។
កាលពីថ្ងៃ ទី២២ ខែកក្កដា នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May បានកោះប្រជុំមន្ត្រីសន្តិសុខជាតិ ស្តីពីយុទ្ធសាស្ត្រ តបតក្រោយអ៊ីរ៉ង់ចាប់នាវាដឹកប្រេង ឈ្មោះ Stena Impero នៅសមុទ្រពែក្សកាលពីចុងសប្តាហ៍កន្លងមក ។ រដ្ឋាភិបាលអង់គ្លេសនឹងចាត់វិធានការ រក្សាសន្តិសុខ ធានាដល់ការធ្វើចរាចរណ៍នាវាដឹកទំនិញ នៅក្នុងតំបន់សមុទ្រនោះ ។
លោកHunt ជាបេក្ខភាពដែលជំនួសតំណែង លោកស្រី May ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកក្កដា បានឡើងគម្រោងបង្កើតសម្ព័ន្ធមិត្តដើម្បីការពារ សេរីភាពចរាចរណ៍នៅលើដែនសមុទ្រ ។ សារព័ត៌មាន The Guardian បានផ្សាយថា ការបង្កើតសម្ព័ន្ធមិត្តនោះដឹកនាំដោយអាមេរិក ។ ប៉ុន្មានថ្ងៃកន្លងមក រដ្ឋាភិបាលអង់គ្លេសបានថ្កោលទោសអាមេរិក មិនអាំចការពារនាវារបស់ខ្លួនពេលឆ្លងកាត់ដែនសមុទ្រពែក្ស ។
នៅថ្ងៃទី២២ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានផ្សាយថា ទីក្រុងឡុងដុង និងបញ្ជូននាវាមុជទឹក ដើរដោយថាមពលបរមាណូ និងនាវាចម្បាំង ទៅកាន់តំបន់ឈូបសមុទ្រ ការពារនាវាដឹកទំនិញរបស់អង់គ្លេស និងបណ្តាប្រទេសដែលឆ្លងកាត់ទីនេះ ។ នាវាមុជទឹកដែលអង់គ្លេសបញ្ជូនទៅនោះ ជាប្រភេទ Astute បំពាក់មីស៊ីលឆ្លងទ្វីប និង មីស៊ីលបុកផងដែរ ។ រាល់នាវាដឹកទំនិញរបស់អង់គ្លេសឆ្លងកាត់តំបន់សមុទ្រនោះ គឺត្រូវតែមាននាវាចម្បាំងអមដំណើរការពារ ។
នៅពេលនេះដែរ អ៊ីរ៉ង់បានប្រកាសថា នាវឹកទាំង២៣នាក់នៅលើនាវាដឹកទំនិញ Stena Impero របស់អង់គ្លេសមានសុវត្ថិភាព ហើយបច្ចុប្បន្នស្ថិតនៅលើនាវា ដឹកទំនិញនោះដដែល ។ មន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ទៀតថា នាវាដឹកប្រេងរបស់អង់គ្លេសបានប៉ះជាមួយនាវានេសាទរបស់អ៊ីរ៉ង់ហើយថែមទាំងធ្វើប្រងើយចំពោះការព្រមានពីកម្លាំងការពារដែនសមុទ្រអ៊ីរ៉ង់ទៀតផង ។
សកម្មភាពរបស់អង់គ្លេសនាពេលនេះ ត្រូវបានអាមេរិក អូសទាញឲ្យចូលក្នុងការប្រឈមមុខជាមួយអ៊ីរ៉ង់ ។ កន្លងមកអាមេរិក ក៏ទទួលបានជោគជ័យ ក្នុងការអូសទាញ់កាណាដា ឲ្យចូលរួមនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ជាមួយចិនផងដែរ ។
នយោបាយខ្ចីដៃសម្ពន្ធមិត្តប្រើប្រាស់របស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការប្រឈម មុខជាមួយចិន និងអ៊ីរ៉ង់ ។ លោកត្រាំបានអូសទាញកាណាដា និងអង់គ្លេស ឲ្យប្រឈមមុខ ជំនួស ហើយអាមេរិកជាអ្នកនៅពីក្រោយខ្នង ។
ជាក់ស្តែងនៅក្នុងករណី ចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន បច្ចេកវិទ្យា Huawei បើអាមេរិកចង់ចាប់ខ្លួន គឺចាប់បានគ្រប់ពេល មិនចាំបាច់ស្នើឲ្យកាណាដាចាប់ខ្លួននោះឡើយ ។ ចំពោះអ៊ីរ៉ង់ក៏ដូចគ្នា នោះដែរ អាមេរិកអាចនឹងចាប់នាវាអ៊ីរ៉ង់ ឬការពារនាវាដឹកទំនិញអង់គ្លេស បានយ៉ាងល្អបំផុត ប៉ុន្តែអាមេរិកមិនធ្វើឡើយ ដោយទុកឲ្យអង់គ្លេសចាប់នាវាអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ចាប់នាវាអង់គ្លេសវិញ ។ នៅពេលនេះ អង់គ្លេស កំពុងជំនួសអាមេរិក ឈរជើងនៅតំបន់សមុទ្រពែក្ស ។
អាមេរិកម្នាក់ឯងមិនអាចប្រឈម មុខជាមួយបណ្តាប្រទេសធំៗនៅលើពិភពលោក បានឡើយទាំងនោះហើយទើបអាមេរិក បានប្រើយុទ្ធសាស្ត្រ ដើម្បីអូសទាញប្រទេសជាសម្ពន្ធមិត្តទៅចូលដោយស្វ័យប្រវត្តិ ។
កន្លងមកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Bolton បានសរសើរដល់អង់គ្លេស ដែលបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ Grace 1 នៅតំបន់សមុទ្រGibraltar ។ ស្តាប់ទៅដូចជារឿងដែលអង់គ្លេសធ្វើតែម្នាក់ឯង តែតាមការពិត ក្រុមសន្តិសុខអាមេរិក បានលូកដៃចូលក្នុងករណីចាប់នាវាដឹកប្រេង របស់អ៊ីរ៉ង់ ដើម្បីធ្វើឲ្យអង់គ្លេស និងអ៊ីរ៉ង់ ប្រឈមមុខតានតឹងដាក់គ្នា ។
ស្ថានភាពរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែតានតឹងក្រោយ អ៊ីរ៉ង់ប្រកាស់ថា ចាប់បាន ចារកិច្ចអាមេរិក ១៧នាក់ នៅក្នុងទឹកដីអ៊ីរ៉ង់ ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃចន្ទនេះ បានច្រានចោលសេចក្តីប្រកាសរបស់ អ៊ីរ៉ង់ ដែលថាពួកគេចាប់បានគិញសម្ងាត់ចំនួន១៧នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ។
ទីក្រុងតេហេរ៉ង់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានអះអាងថា បណ្តាញគិញសម្ងាត់នោះ ត្រូវបង្រ្កាបបានក្នុងចន្លោះពេល ១២ខែ គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ ។ សេចក្តីប្រកាសបែបនេះក៏ធ្លាប់កើតដែរនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលើកនេះគឺចំពេលដែល អ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយប្រទេសលោកខាងលិច ។
អ៊ីរ៉ង់ថែមទាំងបានបញ្ជាក់ថា ជនសង្ស័យមួយចំនួន ត្រូវបាន កាត់ទោសប្រហារជីវិតទៀតផង ។
ជាការឆ្លើយតប លោក Pompeo បានលើកឡើងដូច្នេះថា «របបដឹកនាំអ៊ីរ៉ង់គឺមានប្រវត្តិនិយាយកុហក បំភ្លៃការពិតជាយូរណាស់ មកហើយ ដូច្នេះខ្ញុំមិនសូវខ្វល់ និងមិនសូវជឿជាក់ប៉ុន្មាននោះឡើយ ចំពោះការអះអាងមួយចំនួនធំរបស់ទីក្រុងហេរ៉ង់» ។
គួរជម្រាបថា ប្រទេសទាំងពីរកំពុងមានភាពតានតឹងជាមួយគ្នាខ្លាំង ជុំវិញបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធហេតុការណ៍កន្លងទៅ ថ្មីៗនេះ នៅឯតំបន់ច្រកសមុទ្រ Hormuz៕