ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូZoomer-xជិះលឿនដួលអូសច្រើនម៉ែត្រ បែកផ្កាភ្លើងឆេះខ្ទេច

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូម៉ាកហុងដាZoomer-x១គ្រឿង ត្រូវបានភ្លើងឆាបឆេះខ្ទេទាំងស្រុងក្លាយទៅជាដែកអេតចាយ ខណៈកំពុងបើកបរក្នុងល្បឿនលឿន ទៅដល់ត្រង់ចំណុចផ្លូវកោង អ្នកបើកបរចាប់ហ្រ្វាំងមុខបង្ខំ បណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ បែកផ្កាភ្លើងទើបមានការឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ផង និងជះទឹកផងទើបរលត់ទៅវិញ ចំណែកបុរសអ្នកបើកបរមិនមានគ្រោះថ្នាក់ឡើយ ។

គ្រោះថ្នាក់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូម៉ាកហុងដាZoomer-x ខាងលើ ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1FQ-6785 បើកបរដោយឈ្មោះអ៊ន វុន ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃសង្គម ឃុំជ្រេស ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលភូមិសីថ្មី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

បុរសនោះបាននិយាយថា នៅមុនពេលកើតហេតុខ្លួនបានខ្ចីម៉ូតូខាងលើអ្នកជិតខាងជិះទៅលេងម្ដាយមីងនៅជិតផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លុះក្រោយពីនៅលេងផ្ទះមីងអស់ចិត្ត ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង ហើយមានយានយន្តនៅខាងមុខច្រើនផងខ្លួនបានបន្ថយល្បឿនដោយការចាប់ហ្រ្វាំងមុខទើបផ្លាតចង្កូតដួលអូសជាច្រើនម៉ែត្របែកផ្កាភ្លើងបណ្ដាលឲ្យឆាបឆេះតែម្ដង តែសំណាងល្អខ្លួនមិនបានគ្រោះថ្នាក់អ្វីឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖