ភ្នំពេញ៖ បុរសម្នាក់បានប្រើល្បិចកុំម៉ង់ឥវ៉ាន់តាមអនឡាញហើយប្រុងមិនឲ្យលុយគេមានអីអ្នកលក់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវសហពន្ធរុស្សី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ អេង លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់តុ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាអាត់ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ហៃ ផល្លាភ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជនអាឡាដាំង ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលទំពូង ខណ្ឌចំការមន ។
សម្ភារបន្សល់ទុក ទូរទស្សន៍៣២អ៊ីង ០១គ្រឿង និងម៉ាស៊ីនរត់ហាត់ប្រាណ០១គ្រឿង ។
ប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនសង្ស័យបានកុំម៉ង់ទិញទំនិញខាងលើ តាមអនឡាញ ពីជនរងគ្រោះ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះបានឲ្យបុគ្គលិកយកទំនិញខាងលើ ទៅប្រគល់ឲ្យជនសង្ស័យ នៅម្តុំផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខហាងស៊ុបចិន និងបានឲ្យជនរងគ្រោះទុកទំនិញនៅមុខហាងស៊ុបចិន និងបានឲ្យជនរងគ្រោះចាំយកពីម្ចាស់ហាងនោះ រួចជនសង្ស័យបានជិះម៉ូតូកង់បីចេញទៅបាត់ ភា្លមនោះ បុគ្គលិករបស់ក្រុមហ៊ុន បានទៅតាមជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យនៅម្តុំមុខក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា