ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្ដចាប់ផ្តើមធ្វើបច្ចុប្បន្នភាពឡើង វិញ ពីការអនុវត្តប្លង់គោល សម្រាប់ឆ្នាំ២០៣៥ ដើម្បីឈានទៅការអភិវឌ្ឍទីក្រុង ធានាបានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅនាពេលអនាគត ស្រប តាមកំណើនសេដ្ឋកិច្ចកម្ពុជា កំពុងឈានដល់ភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ នៃ បច្ចេកវិទ្យាទំនើប ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំពិភាក្សាស្តីពីការត្រួតពិនិត្យប្លង់គោល សម្រាប់ អភិវឌ្ឍន៍ឆ្នាំ២០៣៥ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការពិនិត្យមើលការអនុវត្តប្លង់គោល ២០៣៥នៅរាជធានីភ្នំពេញនេះមានគោលដៅសំខាន់ណាស់ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធបានដឹងពី ស្ថានភាពជាក់នៃការអនុវត្តប្លង់មេនេះកន្លងមកលើបញ្ហាវិជ្ជមាន និងអវិជ្ជមានដើម្បីផ្តល់ជាអនុសាសន៍ឈានទៅសម្រេចបានជោគជ័យនៃការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅឆ្នាំ២០៣៥ ខាងមុខ ។
លោក ឃួង ស្រេង បានបន្ដថា៖ ការរួមគ្នាពិភាក្សាលើការគោលនយោបាយអនុវត្តន៍ប្លង់មេ នេះគឺស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យរយៈពេល៥ ត្រូវត្រួតពិនិត្យស្ថានភាពអភិវឌ្ឍន៍នៃប្លង់គោលនៃម្តង ដើម្បីធានាកុំឲ្យមានបញ្ហាប្រឈមណាមួយកើតឡើងនាពេលខាងមុខ ។ ១៥ឆ្នាំម្តងយើងត្រូវប្រជុំបញ្ហានេះថាតើប្លង់មេនេះទទួលបានជោគជ័យកម្រិតណា ហើយមាន ផលប៉ៈពាល់លើអ្វីដែលជាបញ្ហាប្រឈម អាចត្រូវកែឬត្រូវដោះស្រាយ ការអនុវត្តនឹងមានប្រសិទ្ធភាព ឬហើយមាន ប្រយោជន៍យ៉ាងម៉េចចំពោះជាតិចំពោះប្រជាជន ដើម្បីយើងអនុវត្តបន្តទៀត ហើយការ អនុវត្តទីក្រុងមួយបើគ្មានប្លង់មេ យើងអនុវត្តន៍ពុំបានល្អប្រសើរ ។ ចំណុចនេះហើយដែលធ្វើឲ្យរាជរដ្ឋា ភិបាលចេញអនុក្រឹត្យមួយដល់អ្នកអនុវត្តន៍ប្លង់មេនេះធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ៥ម្តង ត្រូវបន្ដបើកកិច្ចប្រជុំពិភាក្សា រកចំណុចខ្លាំង និង ឲ្យឃើញ នៃការវិវត្ដរបស់សង្គមទើបល្អប្រសើរ ។
លោក ស៊ិន ចន្ទបរមី នាយកទីចាត់ការ នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ប្លង់គោល២០៣៥នេះ បានជួយតម្រង់ទិសការអភិវឌ្ឍ រាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធភាពតាមរយៈ ការតម្រង់ទិសការ ប្រើប្រាស់ដីធ្លី ការអភិវឌ្ឍផ្លូវគមនាគមន៍ ប្រព័ន្ធប្រឡាយមេ រោងចក្រសហគ្រាស និងតំបន់សាធារណៈផ្សេងៗ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គម ជាតិ ។
លោកបានបញ្ជាក់ថា៖ ជាអនុសាសន៍ក្រុមការងារជំនាញនឹងប្រមូលទិន្នន័យប្លង់ប្រើប្រាស់ដីតាមខណ្ឌដែលមន្ទីររៀបចំដែន ដីនគរូបនីយ៍កម្ម និងសំណង់ និងសុរិយោដីបានសិក្សា និងអនុម័តរួច ដើម្បីដាក់បញ្ជាន់ផ្ទៀងផ្ទាត់ជា មួយប្លង់គោល ២០៣៥ និងប្លង់មេដឹកជញ្ជូនសាធារណ២០៣៥ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពនាឆ្នាំ២០២០ខាងមុខ ។
សូមបញ្ជាក់ថា៖ ប្លង់គោលរាជធានីភ្នំពេញ២០៣៥ ត្រូវបានចុះហត្ថលេខាអនុម័តយល់ព្រមដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីធ្វើការរៀបចំទីក្រុងឲ្យបានល្អប្រសើរ ឆ្ពោះទៅដោះស្រាយបញ្ហាប្រឈមនឹងកំណើនប្រជាពលរដ្ឋ កំណើនយានយន្ត និងការអភិវឌ្ឍកាន់តែច្រើននាពេលខាងមុខ៕ សំរិត