ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាបធុំក្លិនមិនស្រួល

ចែករំលែក៖

គេរាយការណ៍ថា លោក ណម ពិសិដ្ឋ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាបធុំក្លិនមិនស្រួល ព្រោះតែប្រព្រឹត្តអំពើពុករលួយ​ច្រើន​រូបភាព ដែល​បណ្តាមន្ទីរផ្សេងៗជុំវិញខេត្តរអ៊ូរទាំគ្រប់ៗគ្នា ។ ប្រភពបន្ថែមថា ការកាត់ភាគរយ​ពីតាមមន្ទីរអង្គភាពជុំវិញ​ខេត្ត គឺជា​រឿងមួយដែលបានកើតមានជាទូទៅ នៅតាមមន្ទីរហិរញ្ញវត្ថុនានាទូទាំងប្រទេស ប៉ុន្តែសម្រាប់លោក ណម ពិសិដ្ឋ ប្រកាសជាចំហរចំពោះ​ការកាត់ប្រាក់ភាគរយនៅតាមមន្ទីរនានា ដែលគេហៅថា ទឹកតែ ដោយលោកអះអាងថា ដើម្បី​រួមចំណែក​ចុះមូលដ្ឋាន ។ នៅពេលដែលលោក​មានប្រសាសន៍យ៉ាងដូច្នេះ គឺគ្មាននរណា​ហ៊ានតវ៉ានោះឡើយ ។ គេមិនដឹងថា តើករណីនេះ លោកអភិបាលខេត្តសៀម​រាប និងលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ​បានជ្រាបដែរឬទេ? នេះគឺជារឿងមួយ ។
ឯរឿងមួយទៀតនោះ គឺ​មាន​លាយឡំនឹងអំពើពុករលួយ ក្នុងការស្តារស្ទឺងសៀមរាប ដែលលោក ណម ពិសិដ្ឋ សហការជាមួយក្រុមហ៊ុនរាជសី នាគ្រាកន្លងមក ។ ប្រភពរាយការណ៍ថា ការស្តារស្ទឹងសៀមរាប​មានពាក់ព័ន្ធជាមួយ​លោក ណម ពិសិដ្ឋ ដោយមានភាពមិនប្រក្រតីជាច្រើន ។ គេរាយការណ៍ថា គ្រាន់តែអាចម៍ដី ដែល​បានជីកកកាយពីមាត់ស្ទឹងសៀមរាប​យកទៅចាក់បំពេញ​នៅក្នុងដីឡូត៍ លោក ណម ពិសិដ្ឋ ក៏ជារឿងមួយ​មានភាពមិនប្រក្រតីដែរ ។ ករណីនេះ ត្រូវបានមន្ត្រីសាលាក្រុងសៀមរាបអះអាងថា សកម្មភាព​ដែលបានធ្វើឡើង​ក្នុងការស្តារស្ទឹងសៀមរាបដោយ​ក្រុមហ៊ុនរាជសី​មានពាក់ព័ន្ធនឹងអំពើពុករលួយ​ជាមួយ​លោក ណម ពិសិដ្ឋ ។ គេមិនដឹងថា តើថ្នាក់ដឹកនាំខេត្តសៀមរាប មាន​ពាក់ព័ន្ធនឹងបញ្ហានេះ​ជាមួយលោកណម ពិសិដ្ឋ ដែរឬយ៉ាងណានោះទេ ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា មិនដែលមានប្រតិកម្ម​អំពីមន្ត្រីថ្នាក់ដឹកនាំខេត្តជុំវិញ​ការស្តារ​ស្ទឹងសៀមរាបនោះទេ ។
មន្ត្រីរាជការជុំវិញសាលាខេត្តសៀមរាបខ្សឹបខ្សៀវគ្នាតាមតុកាហ្វេថា អំពើពុករលួយ​របស់ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានក្លាយទៅជា​ទម្លាប់ ដែលគ្មាននរណាអាចតវ៉ាបាន ហើយបញ្ហា​ដែលបានកើតឡើងនៅតាម​មន្ទីរនានា ជាពិសេស​ការកាត់ប្រាក់​ភាគរយ ឬថ្លៃទឹកតែ តែងតែកើតមានតាំងពីដើមរៀងមក ។ ចំណុចនេះ មន្ត្រី​ប្រធានស្ថាប័ននានា​នៅតាមអង្គភាពជុំវិញសាលាខេត្តសៀមរាបអះអាងថា គួរតែបញ្ចប់វប្បធម៌​បែបនេះទៅ ។ មន្ត្រីទាំងនោះសំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យមើលប្រធានមន្ទីរនៅខេត្តសៀមរាបផង ពីព្រោះលោកបានប្រព្រឹត្តអំពើពុករលួយ​ល្មមឆ្អែតឆ្អន់ហើយ ។ អំពើពុករលួយ​ពេលនេះ បែរជាយកការងារ​ធ្វើជាលេសដើម្បីប្រយោជន៍បុគ្គលថែមទៀតផង ៕

ចែករំលែក៖