ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ បើកូនអ្នកសួរ ឆ្លើយយ៉ាងម៉េច? 

ចែករំលែក៖

ខ្ញុំ​មិនសូវមានពេលទំនេរមើល​ទូរទស្សន៍ប៉ុន្មានទេ ។ កាលពីយប់ម្សិលមិញ កូនប្រុសរបស់ខ្ញុំអាយុ​៩ឆ្នាំ ដែលកំពុងមើលទូរទស្សន៍​ស្រែកសួរខ្ញុំថា «ពុក! ពុក! អាផ្សាយពាណិជ្ជកម្មនេះ ស្អីគេ?» ។ ខ្ញុំក៏មិនដឹងថា គេផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ពីរឿងអ្វីនោះដែរ ។ ពេលនោះកូនរបស់ខ្ញុំ អូសខ្ញុំឲ្យទៅអង្គុយចាំមើលការផ្សាយពាណិជ្ជកម្ម​តាមកញ្ចក់ទូរទស្សន៍ ។ តាមការតាមដាន​ឃើញ​ការផ្សាយពាណិជ្ជកម្ម​ស្រោមអនាម័យ Number One ។ ចប់ការផ្សាយពាណិជ្ជកម្ម កូនប្រុសរបស់ខ្ញុំ សួរថា «អាហ្នឹងស្អីគេ?» ក្នុងពេលដែល​ ពាណិជ្ជកម្មនោះ​បានបញ្ជាក់លម្អិតអំពីប្រភេទ​ស្រោមអនាម័យ Number One នោះទៀតផង ។ ខ្ញុំមិនដឹងឆ្លើយ​ប្រាប់កូន​យ៉ាងម៉េច? ចុះបើលោកអ្នកវិញ ឆ្លើយតប​ប្រាប់កូនយ៉ាងដូចម្តេច បើសិនពួកគេសួរសំណួរដូចកូនប្រុសរបស់ខ្ញុំ ។
សម្រាប់ខ្ញុំបាទយល់ឃើញដូចពាក្យសម័យនិយមគេតែងតែនិយាយថា «លើសហើយ» ។ មិនដឹងថា តើ​វាជារឿងធម្មតា​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម ឬយ៉ាងណានោះទេ ប៉ុន្តែសម្រាប់​ខ្ញុំបាទ គិតថា ដូចជាមិនសម ។ វាហាក់ដូចជាទូលំទូលាយជ្រុលពេកហើយ សម្រាប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មបែបនេះ ។ ពោលគឺវាពិបាកឆ្លើយតបរ៉ៃរ៉ាប់លម្អិតប្រាប់កូននៅពេលដែល​ពួកគេ​សួរអំពីបញ្ហានេះ ។ ឬមួយ​គិតថា ការផ្សាយនេះសម្រាប់​ឲ្យតែមនុស្សចាស់មើល ។ បើអះអាងថា យ៉ាងដូច្នេះ ខ្ញុំបាទគិតថា មិនគួរ​ឲ្យក្មេងៗមើលទូរទស្សន៍​នោះឡើយ ។ ជួនកាល​គេផ្សាយ​នៅម៉ោង៧យប់ក៏មាន ពោលគឺ​កូនខ្ញុំថា គេផ្សាយរាល់ថ្ងៃ ហើយគាត់មិនយល់ មិនដឹងថា ជាស្អី ទើបសួរ​ចាស់ៗ ។ តើការផ្សព្វផ្សាយបែបនេះ ជះឥទ្ធិពលបែបណាសម្រាប់ក្មេងៗតូចៗ ឬគិតថា វាជារឿងធម្មតា ដែលមនុស្សគ្រប់រូប រាប់ទាំង​ក្មេងៗតូចៗអាយុមិនដល់១០ឆ្នាំ ក៏ត្រូវស្វែងយល់ ឬចេះដឹងអំពី​បញ្ហាស្រោមអនាម័យនេះដែរ ។
នៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មនោះទៀតសោត បានលម្អិតអំពីប្រភេទ​នៃស្រោមអនាម័យ ដែល​ធ្វើឲ្យក្មេងៗមានចម្ងល់ ហើយចាំបាច់ត្រូវតែមានការបកស្រាយ ឬពន្យល់ឲ្យច្បាស់លាស់ពីចាស់ទុំ ឬអ្នកចេះដឹងលើស​ពួកខ្លួន ។ មិនដឹងថា កូនចៅប្រជាពលរដ្ឋ​ដទៃទៀត មិនយល់ចំពោះ​ពាណិជ្ជកម្ម​របស់ស្រោមអនាម័យ​ Number One នោះដែរឬយ៉ាងណាទេ? ឬឆ្ងល់តែកូនខ្ញុំ? ប៉ុន្តែខ្ញុំគិតថា ក្មេងមិនលើសមិនខ្វះគ្នាទេ អំពីបញ្ហាចម្ងល់​នៅពេលពួកគេឃើញអ្វីមួយ ។ ចុះទម្រាំនៅលើកញ្ចក់ទូរទស្សន៍គេផ្សាយកោកៗ អំពីបញ្ហាស្រោម​អនាម័យ Number One មានច្រើនជម្រើស តើក្មេងណាមិនចាប់អារម្មណ៍ ។ ចាប់អារម្មណ៍​ក៏ព្រោះតែស្មានថា វាជា​នំចំណីសម្រាប់ពួកគេបរិភោគ ។ បញ្ហានេះ គួរតែមាន​ដំណោះស្រាយសម្រាប់ការផ្សព្វផ្សាយ ដែលវាជះឥទ្ធិពលមិនល្អសម្រាប់ក្មេងៗ ។
សម្រាប់ខ្ញុំបាទ​យល់ឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់​ស្រោមអនាម័យ Number One នៅពេលនេះ ជះឥទ្ធិពលអវិជ្ជមាន​សម្រាប់​ក្មេងៗទៅវិញទេ ។ ប៉ុន្តែ​ប្រសិនបើ​ស្ថាប័ន​មានសមត្ថកិច្ច​ ជាពិសេស​អ្នកផលិតស្រោមអនាម័យ Number One យល់ថា វាផ្តល់លទ្ធផល​វិជ្ជមានសម្រាប់ក្មេងៗ​ក្រោមអាយុ​១០ឆ្នាំ ឬក្រោម​១៥ឆ្នាំ ត្រូវស្វែងយល់ទុកឲ្យហើយនោះ ដូច្នេះ សូមបន្តផ្សព្វផ្សាយទៀតចុះ ដោយខ្ញុំបាទ គ្រាន់តែបិទប៉ុស្តិ៍ទូរទស្សន៍​ដែលមានការផ្សព្វផ្សាយ​អំពីស្រោមអនាម័យនេះ មិនឲ្យកូនៗមើលតទៅទៀតតែប៉ុណ្ណោះ ពោលគឺត្រូវដាក់​ផែនការ​រិតត្បិតចំពោះការមើលទូរទស្សន៍ ចំពោះប៉ុស្តិ៍ណាដែលមានការផ្សព្វផ្សាយអំពីស្រោមអនាម័យនេះ ។ ជាមួយគ្នានេះ ក្រសួងស្ថាប័ន ពាក់ព័ន្ធគួរសិក្សាមើលថា វាប៉ះពាល់​ចំពោះក្មេងៗឬទេ សម្រាប់ការផ្សព្វផ្សាយ​ពាណិជ្ជកម្មស្រោមអនាម័យ Number One នេះ ៕ ពលរដ្ឋម្នាក់

ចែករំលែក៖