ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អមដំណើរដោយប្រធានមន្ទីរសាធារណការ និងមន្ត្រីសាលាខេត្តព្រះសីហនុ ចុះពិនិត្យ មើលស្ថានភាពផ្លូវចំនួន ៥ខ្សែ ក្នុងចំណោមផ្លូវ ២២ខ្សែក្នុងក្រុងព្រះសីហនុ ដែលគ្រោងធ្វើការជួសជុលកែលម្អឡើងវិញបន្ទាប់ពីរងការខូចខាតដោយជំនន់ទឹកភ្លៀងនាឆ្នាំកន្លងមក ម្យ៉ាងទៀតរង ផលប៉ះពាល់ នៃការដឹកជញ្ជូនធ្ងន់ធ្ង ពិសេសកំណើនយានយន្តមានការកើនឡើង ដោយសារការអភិវឌ្ឍយ៉ាងលឿននៅខេត្តព្រះសីហនុ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នារសៀលថ្ងៃពុធ ៨រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។
លោកអភិបាលខេត្តព្រះសីហនុ និងក្រុមការងារចុះពិនិត្យជាក់ស្តែងផ្លូវចំនួន ៥ខ្សែ ខ្សែទី១.កំណាត់ផ្លូវនៅខាងមុខសាខាធនាគារជាតិកម្ពុជា ។ ២.ផ្លូវរំដោះការកកស្ទះ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ឆ្ពោះមកសាលាក្រុងព្រះសីហនុ ។ ៣.កំណាត់ផ្លូវ ចាប់ពីមុខសាលាក្រុងព្រះសីហនុ ឆ្ពោះទៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ។ ៤. ផ្លូវនៅតំបន់ភូមិទឹកភ្នែក ។ និង៥ .កំណាត់ផ្លូវ ពីផ្លូវជាតិ លេខ៤ កាត់តាមមន្ទីរវប្បធម៌ខេត្តព្រះ សីហនុ មកភ្ជាប់ជាមួយនឹងផ្លូវមិត្តភាព ភ្ជាប់មកមុខសាលាក្រុងព្រះសីហនុ ។
លោក គួច ចំរើន មានប្រសាសន៍ថា ផ្លូវទាំង ៥ខ្សែខាងលើនេះ រដ្ឋបាលខេត្តគ្រោងជួសជុលបន្ទាន់ ទៅតាមកិច្ចប្រជុំពិភាក្សានាពេលកន្លងមក ស្រប តាមប្លង់ប្រព័ន្ធ ហើយយើងជ្រើសរើស យកផ្លូវណាអទិភាព ដើម្បីធ្វើការជួស ជុលកែលម្អឡើងវិញ ដើម្បីសម្រួលចរា ចរណ៍ការកកស្ទះនៅក្នុងក្រុងព្រះសីហនុ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃទំហំអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និង ឈានទៅជួសជុលផ្លូវមួយចំនួនទៀតក្នុងក្រុងព្រសីហនុ ឱ្យមានបរិមាណ សោ ភ័ណភាព និងបរិស្ថានល្អ សាកសមជាទីក្រុងទេសចរណ៍ ៕ ឆ្លាម សមុទ្រ