ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្ដាយ២ម៉ឺនរៀល ដើររកការងារធ្វើ ២ថ្ងៃក្រោយ ត្រឡប់មកផ្ទះ ប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យញៀនថ្នាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនកូនចិត្តខ្មៅមកសាកសួរ ខណៈដែលបានប្រើហិង្សា ទៅលើម្ដាយចាប់ចងស្លាបសេកនឹងសសរផ្ទះ ទំនងញៀនថ្នាំខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឆោម មាន ហៅ ពេជ្រ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិត្រោក ឃំុគ្រួស ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។ ចំណែកស្ត្រីជាម្ដាយរងគ្រោះមានឈ្មោះ វ៉ា រ៉ន អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ឃំុកើតហេតុខាងលើ ។

បើតាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា មុនកើតហេតុរយះពេល២ថ្ងៃជនសង្ស័យត្រូវជាកូនប្រុសបានមកទារលុយពីគាត់ជាម្ដាយចំនួន២ម៉ឺនរៀល ដើម្បីយកទៅទុកហូបបាយពេលដើររកការងារធ្វើ ។

ប្រភពបន្តថា បន្ទាប់ពីបានលុយហើយ កូនប្រុសក៏បានបាត់ខ្លួនពីផ្ទះ២ថ្ងៃ ស្រាប់តែនៅថ្ងៃកើតហេតុ កូនជនសង្ស័យក៏បានត្រឡប់មកវិញ ក៏ធ្វើសកម្មភាពចាប់គាត់ចងនៅនឹងសសរក្រោមផ្ទះ ហើយវាយធ្វើបាបតាមអំពើចិត្ត ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរភូមិនាំគ្នារាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ និងឃាត់ខ្លួនបានតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖