ខេត្តស្វាយរៀង៖ ជនជាតិវៀតណាម៤នាក់ត្រូ វបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកអធិការរង ទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចុះត្រួតពិនិត្យរដ្ឋបាល ដោយមិនមានលិខិតឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម) គ្មានលិខិតស្នាមត្រឹមត្រូវ ។
ការឃាត់ខ្លួនមកសាកសួរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ដោយឃើញជនជាតិវៀតណាមចូលមកលក់ឆ្នោតក្នុងក្រុងបាវិតយ៉ាងប្រសេចប្រសាច គ្មានសណ្ដាប់ធ្នាប់ ទើបអាជ្ញាធរក្រុងសហការជាមួយអធិការរងក្រុងបានដឹកនាំកំលាំងត្រួតពិនិត្យរដ្ឋបាល និងបានឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់ ដែលមានមុខរបរលក់ឆ្នោតវៀតណាមគ្មានលិខិតស្នាមត្រឹមត្រូវមកសាកសួរ ។
ប្រភពបន្តថា បន្ទាប់ពីសាកសួររួចសមត្ថកិច្ចក៏បានអប់រំ ដោយមានកិច្ចសន្យា រួចបង្ខំឲ្យវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ ។
ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងសំណូមពរដល់អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចដែលពាក់ពន្ធ័សូមធ្វើដូចភ្លៀងរលឹម ខណៈមានក្រុមជនជាតិវៀតណាមជាច្រើននាក់ បានចូលមកតាមច្រករបៀងមួយចំនួនយ៉ាងរលូនរហូតមកដល់ក្រុងស្វាយរៀង យ៉ាងអនាធិបតេយ្យ មកលក់ឆ្នោតតាមតុកាហ្វេ ពិសេសជុំវិញផ្សារវាលយន្តតែម្ដង ៕ យឹម សុថាន