ខេត្តពោធិ៍សាត់៖ លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU ដឹកនាំមន្រ្ដីក្រោមឱវាទឃាត់ខ្លួនប្រធាន អនុប្រធាន និងមន្រ្ដីម្នាក់ទៀត នៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ប៉ុន្តែពុំទាន់ដឹងច្បាស់ជាប់ពាក់ព័ន្ធរឿងរ៉ាវអ្វីនោះឡើយ ។
ហេតុការណ៍ខាងលើ គេឃើញធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងអាហាដ្ឋានយីហោ (មហាលាភ) ស្ថិតក្នុងភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងមួយកន្លែងទៀតនៅក្នុងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។
ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា លោក លៀម ប៊ុនរឿន ប្រធាន និងលោក ជាង វុទ្ធី អនុប្រធានទទួលការងារសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ឃាត់ខ្លួននៅក្នុងអាហាដ្ឋានយីហោ(មហាលាភ)ខាងលើ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ឃាត់ខ្លួនប្រធាន និងអនុប្រធាន នៅក្នុងអាហាដ្ឋានយីហោ(មហាលាភ) បាននាំយកទៅមន្ទីររៀបចំដែងដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ដើម្បីឆេកឆេបន្ទប់ធ្វើការលោក លៀម ប៊ុនរឿន ប្រធានមន្ទីរ ក៍ឈានដល់ឃាត់ខ្លួនមន្ត្រីម្នាក់ទៀតឈ្មោះ តែ ប៊ុនថេង ក្នុងនោះរកឃើញលុយដុល្លារ និងលុយខ្មែរជាច្រើនផងដែរ រួចមន្រ្ដី ACU នាំឡើងរថយន្តពេញទៅអស់ ៕ បុឹម ពិន