ខេត្តស្វាយរៀង៖ ក្លឹបកម្សាន្តមួយកន្លែងនៅក្រុងបាវិតត្រូវបានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលកាលពីថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ និងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ការចុះធ្វើរដ្ឋបាលនេះដឹកនាំដោយលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តតំណាងអភិបាលខេត្តស្វាយរៀង បានដឹកនាំកម្លាំងជំនាញលេខាធិការដ្ឋានគ្រឿងញៀនខេត្ត និងមានការចូលរួមពី លោកអភិបាលរងក្រុងបាវិត លោកនាយការិយាល័យគ្រឿងញៀន លោកនាយផ្នែកនាយរងផ្នែកការិយាល័យគ្រឿងញៀន លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ។
យោងតាមមន្ត្រីក្រុងបាវិតបានឲ្យដឹងថាដើម្បីពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និងកន្លែងសប្បាយ ដែលមានការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ទើបអាជ្ញាធរខេត្ត បានដឹកនាំកម្លាំងជំនាញលេខាធិការដ្ឋានគ្រឿងញៀនខេត្ត ចុះត្រួតពិនិត្យរដ្ឋបាលនៅក្លឹបកម្សាន្ត7Boy នៅសង្កាត់បាវិត ក្រុងបាវិត ។
ក្នុងឪកាសនោះលោកអភិបាលរងខេត្តស្វាយរៀងក៏បានណែនាំដល់ម្ចាស់ក្លឹបកម្សាន្តត្រូវផ្សព្វផ្សាយជាប្រចាំដល់បុគ្គលិករបស់ខ្លួន ឲ្យគាត់ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារប្រើប្រាស់គ្រឿងញៀមនេះមានប្រសិទ្ធភាពខ្ពស់បានល្អ ៕ យឹម សុថាន