ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបាកុង និងត្រាក់ទ័រអូសឈើ ត្រូវបានដុតបំផ្លាញចោល និងរថយន្តយីឌុបដឹកម៉ៃសាក់៣គ្រឿង ត្រូវកម្លាំងអាវុធហត្ថខេត្តឃាត់នាំមករក្សាទុក នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តយីឌុបចំនួន៣គ្រឿង រួមវត្ថុតាងមធ្យោបាយបម្រើឲ្យបទល្មើសព្រៃឈើមួយចំនួនទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត និងគរបាលសេដ្ឋកិច្ចខេត្ត រួម និងរដ្ឋបាលព្រៃឈើរឹបអូស និងបង្ក្រាប នៅទីតាំងផ្សេងគ្នាច្រើនកន្លែង ក្នុងរយៈពេលតែមួយថ្ងៃ ។

ស្ថិតក្នុងប្រតិបត្តិការខាងលើ ខេត្តស្ទឹងត្រែង នៅតែបន្តការរុករកចំពោះវត្ថុតាងទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងសកម្មភាពជាមធ្យោបាយបម្រើឲ្យបទល្មើសព្រៃឈើ ក្រោមបទបញ្ជាយ៉ាមឺងម៉ាតរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានដាក់ចេញនូវផែនការដល់មេបញ្ជាការកងរាជអាវុធហត្ថតាមខេត្ត នីមួយៗត្រូវទទួលខុសត្រូវក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានដឹកនាំកម្លាំងចម្រុះចុះរុករករឹបអូស និងបង្ក្រាបរាល់វត្ថុតាងជាក់ស្តែង និងមុខសញ្ញាដែលជាវត្ថុតាងតាមការចង្អុលបង្ហាញពីសាក្សីបានបង្ក្រាប និងដកហូតនូវឧបករណ៍ ដែលជាមធ្យោបាយបម្រើឲ្យបទល្មើសព្រៃឈើ និងកម្ទេចនៅនឹងកន្លែងជាបន្តបន្ទាប់ ។

ជាក់ស្តែងចាប់ពីវេលាម៉ោង៨ និង០០នាទី រហូតដល់ម៉ោង១១ និង៥០នាទីព្រឹក កម្លាំងកងរាជអាវុធ ហត្ថក្រោមបទបញ្ជាពីលោកមេបញ្ជាការខេត្ត លោកវរៈសេនីយ៍ឯក ដូង វិចិត្រ មេបញ្ជាការរង បានដឹកនាំផ្ទាល់ដោយមានកម្លាំងនគរបាល និងរដ្ឋបាលព្រៃឈើក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អមសាលាតំបូងខេត្ត បានរឹបអូសវត្ថុតាងបម្រើឲ្យបទល្មើសមួយចំនួន រួមមានរឺម៉កអូសឈើខ្នាតយក្ស ចំនួនពីរគ្រឿង មកពីខេត្តមណ្ឌលគិរី ដោយបានយកទៅលាក់ទុកនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ក្រោយបញ្ចប់នីតិវិធី ត្រូវដុតកម្ទេចចោលនៅនឹងកន្លែង ។

បន្ទាប់មក នៅវេលាថ្ងៃត្រង់ ថ្ងៃដដែល កម្លាំងចម្រុះបានរឹបអូសរថយន្តបាកុងមួយគ្រឿង នៅចំណុចផ្លូវអាស៊ានក្បែរគល់ស្ពានមេគង្គ ប្រមាណជាជាងមួយគីឡូម៉ែត្រ ។ រថយន្តនេះ ត្រូវកងកម្លាំងចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង បានសម្រេចកាត់បំបែកកម្ទេចចោលផងដែរ ។ បន្ទាប់មក នាវេលារសៀលម៉ោងជាង៤ថ្ងៃដដែល កម្លាំងចម្រុះដដែល បានបង្ក្រាបរថយន្តច្នៃមួយគ្រឿង ខណៈដឹកជញ្ជូនគល់ឈើប្រណីត ចូលទីរួមខេត្ត ដោយបច្ចុប្បន្នកំពុងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរង់ចាំចំណាត់ការចេញបទបញ្ជា ។

ជាក់ស្តែងនៅថ្ងែទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង១១ និង៥០នាទីព្រឹក កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់រថយន្តយីឌុបដឹកដើមឈើ ម៉ៃសាក់ពេញៗ ចំនួន៣គ្រឿង នៅចំណុចក្បែរ ស្នាក់ការសន្តិសុខ៧៤៧ ស្ថិតក្នុងភូមិរឹទ្ធីសែនជ័យ១ ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានឃាត់ និងនាំមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

បច្ចុប្បន្ន រថយន្តយីឌុបដឹកដើមឈើម៉ៃសាក់ទាំងបីគ្រឿងនោះ កំពុងស្ថិតក្រោមការត្រួតពិនិត្យ និងរង់ចាំយោបល់បទបញ្ជាថ្នាក់លើសម្រេចជាក្រោយ ។

គួរបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែង បើគិតចាប់ពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងកម្លាំងចម្រុះក្រោមការសម្របសម្រួល ដោយស្ថាប័នអាយ្យការនៃសាលាដំបូងបានរឹបអូសវត្ថុតាងមានរងយន្តបាកុង សរុប១៦គ្រឿង រួមនឹងត្រាក់ទ័រអូសឈើចំនួន២គ្រឿង សរុប១៨គ្រឿង ត្រូវកាត់ជាកង់ៗ រួចដុតកម្ទេចចោលនៅនឹងកន្លែងផងដែរ ៕ មាស សុផាត

 


ចែករំលែក៖