ខេត្តមណ្ឌលគិរី៖ ឃ្លាំងស្តុកឈើមួយកន្លែង ត្រូវបានកម្លាំងគណៈកម្មាធិការថ្នាក់ជាតិចុះពិនិត្យ និងនាំខ្លួនម្ចាស់ទៅសួរនាំនៅទីបញ្ជាការដ្ឋានខេត្ត ។
ការចុះពិនិត្យ និងនាំខ្លួនម្ចាស់ឃ្លាំងនោះ កម្លាំកងរាជអាវុធហត្ថផ្ទៃប្រទេសបានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ១២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
តាមប្រភពបានឲ្យដឹងថា ទីតាំងស្តុកឈើ និងសិប្បកម្មនោះជារបស់ឈ្មោះ សួន គឹមហេង ភេទស្រី ដែលមានវត្ថុធាតុដើមឈើ ជាមធ្យមភាគ១០០ម៉ែត្រត្រីគុណ ក្នុងរយៈពេល១ឆ្នាំ ក្រោមការផ្គត់ផ្គង់ឈើពីក្រុមហ៊ុនវិជ្ជរី អុីមផត អុិចផត ។
ក្នុងប្រតិបត្តិការពិនិត្យទីតាំងសិប្បកម្មនោះ លោក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យម្ចាស់សិប្បកម្មឈ្មោះ សួន គឹមហេង ឆ្លើយបញ្ជាក់នៅមុខគណៈកម្មាធិការថ្នាក់ជាតិនោះផងដែរ ។ ការត្រួតពិនិត្យនេះ បើផ្អែកតាមប្រភពថា ឈើទាំងអស់បានដឹកមកទុកនៅក្នុងឃ្លាំងនោះ មានចំនួន២រថយន្តយីឌុប ស្មើ នឹងឈើចំនួន១៧០ដុំ ។ សិប្បកម្មខាងលើ គេពុំបានសង្កេតឃើញមានម៉ាសុីន ឬរណា ព្រមទាំងសម្ភារបម្រើដល់ការអារច្រៀកឈើនោះទេ ។
ទោះជាយ៉ាងណា តំណាងម្ចាស់សិប្បកម្មត្រូវបានគណៈកម្មាធិការនាំខ្លួនពីស្រុកកែវសីមា ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីបន្តការសាកសួរបន្ថែម ។
ករណីបទល្មើសព្រៃឈើបើតាមរបាយការណ៍សរុបលទ្ធផលយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងការទន្ទ្រានដីរដ្ឋគិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហាញថា បង្រ្កាបបទល្មើសព្រៃឈើចំនួន៧លើក បញ្ជូនជនសង្ស័យ៦នាក់ ទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងបានបំផ្លាញចោលរថយន្តបាកុង៣គ្រឿង និងរ៉ឺម៉កកែច្នៃ២គ្រឿង ។ ប្រមូលបានឈើល្មើសចម្រុះចំនួន២១៩ដុំ, ឈើអុសក្រាក់ ១០ម៉ែត្រគូប, ឈើអារចម្រុះ ៦,១៨ម៉ែត្រគូប, ឈើស្រឡៅ ៣០ដុំ, ឈើអុសមិនទាន់វាស់វែង ។ ក្នុងនោះមានខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង, ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងឧត្តរមានជ័យ ។
សកម្មភាពត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ៤ លើក មានច្បាប់ មួយទីតាំង, អត់ច្បាប់ ១៥ទីតាំង មានខេត្តកំពង់ឆ្នាំង ព្រះវិហារ និងខេត្តបន្ទាយមានជ័យផងដែរ ៕ ជីវ័ន្ត