ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជាកម្មកររោងចក្រ ត្រូវរថយន្ដស្ទូចកៀរធ្លាក់ចូលកង់រថយន្ដកិនស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មកររោងចក្រ ជិះម៉ូតូ ត្រូវរថយន្តស្ទូចបើកកៀរ រួចកិនស្លាប់កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទូច ហុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតពេលហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-5084 ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តបង្កម៉ាក ហុីណូ ប្រភេទស្ទូច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-1773 បើកបរដោយបុរសម្នាក់ និងព្រូម្នាក់ទៀត ក្នុងទិសដៅស្របទិសគ្នា មកកៀរម៉ូតូជនងគ្រោះបណ្តាលឲ្យដួលហើយកិនជនរងគ្រោះស្លាប់ភ្លាមៗ ចំណែករថយន្តបង្ក បានបើករត់ទៅមុខប្រមាណ៥០០ម៉ែត្រ ទើបឈប់ហើយអ្នកបើកបរ និងព្រូចុះគេចខ្លួនបាត់ស្រមោល  ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយជំនាញចរាចរណ៍ក្រុង បានចុះមកវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពជនរងគ្រោះឲ្យទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ

ចែករំលែក៖