ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញាល ជួយពន្លត់ទាន់មិនរាលដាលដល់ផ្ទះអ្នកភូមិ និងគ្រោះថ្នាក់ដល់មនុស្សសង្ស័យឆ្លងចរន្តអគ្គិសនី ខណៈម្ចាស់ជាប់រវល់យកចៅទៅពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិទួលអង្គឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហៀប សុភន់ ភេទស្រី អយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបន្តថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ៦ម៉ែត្រ គុណនឹង៤,៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស៊ីប្រូ ជញ្ជាំងស័ង្កសី ។
ចំពោះសម្ភារ ដែលខូចខាតរួមមានអង្ករ៥តៅ ទូរទស្សន៍១គ្រឿង កង់១គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ។
តាមអ្នកភូមិបានឲ្យដឹងថា មុនពេលថ្ងៃកើតហេតុម្ចាស់ផ្ទះជាប់រវល់យកចៅដែលមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រយះពេល១៥ថ្ងៃហើយ ខណៈផ្ញើផ្ទះឲ្យអ្នកភូមិរបងជួយមើលថែ ។
ប្រភពបន្តថា លុះនៅយប់កើតហេតុ ស្រាប់តែមានផ្សែងហុយក្នុងផ្ទះបង្កើតជាអណ្ដាតភ្លើង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាប្រញាប់ប្រញាល ជួយអន្តរាគមន៍ពន្លត់ទាន់មិនរាលដាលដល់ផ្ទះអ្នកជិតខាង និងគ្រោះថ្នាក់ដល់មនុស្សទេ ៕ យឹម សុថាន