កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក ចង់ទៅកាន់អាមេរិកដើម្បីពិភាក្សា ស្តីពីការប្រឈមមុខតានតឹងដាក់គ្នា ប៉ុន្តែត្រូវបានអាមេរិកហាមប្រាម ចូលក្នុងទឹកដីរបស់ខ្លួន ។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ ចង់ទៅអ៊ីរ៉ង់់ ក៏ត្រូវបានបដិសេធដូចគ្នា ។
សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា អ៊ីរ៉ង់់មិនអនុញ្ញាតឱ្យលោកបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងតេហេរ៉ង់ដើម្បីនិយាយដោយផ្ទាល់ ទៅកាន់ប្រជាជនអ៊ីរ៉ង់នោះទេ។
លោក ប៉ុមប៉េអូ ធ្វើការកត់សម្គាល់បែបនេះ ក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) និងចំពេលដែលទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងមានភាពតានតឹងនឹងគ្នាជាអតិបរមា។ លោករដ្ឋមន្ត្រីការបទេស អាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំធ្លាប់បានដាក់សំណើរបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងតេហេរ៉ង់ ដើម្បីនិយាយដោយផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់់… ប៉ុន្តែរបបដឹកនាំអ៊ីរ៉ង់់មិនបានទទួលយកសំណើរបស់ខ្ញុំនោះទេ ខណៈយើងមិនព្រួយបារម្ភ ឬភ័យខ្លាចអ្វីទេ ចំពោះការធ្វើដំណើររបស់ក្រុមមន្ត្រីអ៊ីរ៉ង់់ មកកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេអាចនិយាយដោយសេរី»។
គួរជម្រាបថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់់បានចាប់ផ្តើមកើនឡើងនូវភាពតានតឹងជាមួយគ្នា ក្រោយលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៨ ហើយភាពតានតឹងនេះកាន់តែឡើងកម្ដៅទ្វេឡើង បន្ទាប់ពីយោធាអ៊ីរ៉ង់់ បាញ់ទម្លាក់យន្ដហោះដ្រូនអាមេរិកមួយគ្រឿង កាលពីខែមិថុនាកន្លងទៅ។
នៅក្នុងព្រឹត្តិការពាក់ព័ន្ធនោះដែរ សារព័ត៌មានSputnik បានផ្សាយថា ចក្រភពអង់គ្លេសមាននាវាចម្បាំងតែមួយគ្រឿងប៉ុណ្ណោះ ដែលធ្វើប្រតិបត្តិការនៅតំបន់ឈូងសមុទ្រពែក ប៉ុន្តែនាពេលនេះនាវាចម្បាំងមួយគ្រឿងទៀត ត្រូវបានបញ្ជូនទៅដល់តំបន់នោះ ក្រោយកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង ត្រូវបានអាជ្ញាធរអ៊ីរ៉ង់់ចាប់ឃាត់ទុកជាងមួយសប្តាហ៍មកហើយ។
រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា នាវាពិឃាត HMS ដាន់ខេន (HMS Duncan) បានធ្វើដំណើរទៅដល់ឈូងសមុទ្រពែកហើយ ដើម្បីអមដំណើរ កប៉ាល់ស៊ីវិលរបស់ចក្រភពអង់គ្លេស ដែលឆ្លងកាត់តំបន់នោះ។ នាវាពិឃាត HMS Duncan ត្រូវបានកំណត់ថា នឹងធ្វើប្រតិបត្តិការនៅឈូងសមុទ្រពែកជាមួយនាវាចម្បាំង HMS ម៉ុនត្រូស (HMS Montrose) ដែលត្រូវបានចល័តទៅកាន់ទីនោះ កាលពីជិតបីសប្តាហ៍មុន រហូតដល់ចុងខែសីហា ហើយនឹងត្រូវជំនួសដោយនាវាចម្បាំងមួយគ្រឿងទៀតឈ្មោះ HMS ខេន (HMS Kent)៕