ខេត្តកំពង់ស្ពឺ៖ ក្នុងពេលចុះទៅពិនិត្យរថយន្តដឹកឈើដែលសមត្ថកិច្ចរុករកឃើញ នៅក្នុងព្រៃចំការស្វាយមួយកន្លែងអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា “សូមជម្រាបជូនឧក្រិដ្ធជនទាំងអស់ឲ្យបានជ្រាបថា ទឹកដីកំពង់ស្ពឺមិនមែនជាកន្លែងទីស្ងប់សុខសម្រាប់ប្រព្រឹត្តនូវបទល្មើសទេ” ។
ការចុះទៅពិនិត្យនេះ បន្ទាប់ពីក្រុមសមត្ថកិច្ចបានរកឃើញរថយន្តដឹកឈើចំនួន០៦គ្រឿង ក្នុងចំការស្វាយមួយកន្លែងស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ការចុះទៅពិនិត្យនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចចំការស្វាយខាងលើ ។
សមត្ថកិច្ចស្រុកបាននិយាយថា រថយន្តបាកុង(វ៉េវ) ត្រូវបានក្រុមមន្ត្រីសមត្ថកិច្ចរុករកឃើញបន្ទាប់ពីឈ្មួញយកទៅលាក់ទុកនៅក្នុងដីចំការស្វាយខាងលើ ។ កន្លងមកដោយសារតែឃើញគណៈកម្មការថ្នាក់ជាតិអនុវត្តន៍ដុតកម្ទេចចោលរថយន្តតាមបណ្តាលខេត្តជាច្រើន ទើបឈ្មួញយករថយន្តខាងលើយកទៅលាក់ទុកក្នុងដីចំការស្វាយខាងលើនោះ ។
បើតាមប្រភពក្រៅផ្លូវការរថយន្តទាំងនោះជារបស់ឈ្មោះ ណុប ឌី រស់នៅភូមិដំបងវេញឃុំសង្កែសាទបស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺជាឈ្មួញរកស៊ីបទល្មើសព្រៃឈើដ៏ធំមួយរូបប្រចាំស្រុកឱរ៉ាល់ក្នុងចំណោមឈ្មួញជាច្រើន ហើយតែងតែរួចផុតពីការបង្ក្រាបជារឿយៗនាពេលកន្លងមក ។
ប្រភពដដែលបានបន្តថារថយន្តទាំង០៦គ្រឿងខាងលើនេះមិនមែនជារបស់ឈ្មោះណុប ឌីម្នាក់ឯងនោះទេ នៅមានឈ្មួញ២នាក់ទៀតផងដែរជាម្ចាស់ក្នុងចំណោមរថយន្តទាំងអស់នេះ ។ ណុប ឌី ជាឈ្មួញឈើល្បីឈ្មោះប្រចាំស្រុកឱរ៉ាល់ដែលកន្លងមកមិនដែលឃើញអស់លោកសមត្ថកិច្ចចាប់បង្ក្រាបបានម្តងណាឡើយ ទើបតែពេលនេះកក្រើក និងពុះកញ្ជ្រោលក្នុងការដុតបំផ្លាញនោះទើបក្រុមសមត្ថកិច្ចស្រាវជ្រាវរុករកឃើញហើយរាយការណ៍ទៅថ្នាក់លើដើម្បី សុំគោលការណ៍ថ្នាក់លើដុតបំផ្លាញមធ្យោបាយដឹកឈើរបស់ក្រុមឈ្មួញដែលរកឃើញក្នុងចំការស្វាយមួយកន្លែងក្នុងឃុំត្រពាំងជោរស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺ ។
ការរុករកឃើញនូវមធ្យោបាយដឹកជញ្ជូនឈើនេះ ត្រូវបានមហាជនសំដែងការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ហើយសំណូមពរសូមបន្តបង្ក្រាបឲ្យបានឈ្មួញយកទៅកាត់ទោសដូចខេត្តដទៃផង ៕ សេនាស័ក្តិ